បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការលក់ចេញខ្សែប្រយុទ្ធជប៉ុន Takumi Minamino ទៅកាន់ AS Monaco ក្នុងតម្លៃ ១៨លានអឺរ៉ូ រឺ ១៥.៥លានផោន។
ក្លិបបាល់ទាត់នៅក្របខណ្ឌបារាំង Ligue 1 មួយនេះគឺជាបេក្ខភាពមួយក្នុងចំណោមក្លិបដទៃទៀត ដែលបានដាក់សំណើមកកាន់ Liverpool ក្នុងនាំយកខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ។ Takumi Minamino បានផ្លាស់មកកាន់ Liverpool កាលពីឆ្នាំ២០២០ ពីក្លិបអូទ្រីស Red Bull Salzburg ក្នុងតម្លៃ ៧.២៥លានផោន។ Minamino បានស៊ុតបញ្ចូលទីសរុប ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ៥៥ប្រកួតឱ្យ Liverpool និងជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅពានក្នុងស្រុកដែលជា Liverpool ជាជើងឯកទាំងពីរ។
Takumi Minamino ស៊ុតបញ្ចូលទីបាន ៧គ្រាប់ឱ្យក្រុមរបស់លោក Jurgen Klopp លើកពាន FA Cup និង League Cup តែការបង្ហាញខ្លួននៅ Premier League នៅមានកម្រិក ពោលគឺចាប់ផ្តើម ១១នាក់បានតែមួយលើក និងចូលលេងជាកីឡាករបម្រុង ១០លើកខណៈ Liverpool បានត្រឹមជើងឯករងដោយចាញ់ Manchester City ១ពិន្ទុ។ កន្លងមក Takumi Minamino ក៏ធ្លាប់ត្រូវបាន Liverpool បញ្ចេញឱ្យ Southampton ខ្ចីជើងដែរកាលពីខែកុម្ភៈ ឆ្នាំ២០២១៕
អត្ថបទ៖នាង សុភាវុធ