បាល់ទាត់៖ អតីតខ្សែប្រយុទ្ធក្រុមជំរើសជាតិអាហ្សង់ទីន Carlos Tevez ត្រូវបានតែងតាំងជាអ្នកចាត់ការនៃក្លិបបាល់ទាត់អាហ្សង់ទីន Rosario Central នេះបើតាមការបញ្ជាប់របស់ក្លិបកាលពីថ្ងៃអង្គារម្សិលមិញ។

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Manchester City និង Juventus រូបនេះបានចុះហត្ថលេខាដឹកនាំក្លិបបាល់ទាត់នៅលីគកំពូលអាហ្សង់ទីនមួយរយៈពេល ១២ខែដែលជាការងារដំបូងនៃអាជីពជាគ្រូបង្វឹករបស់ខ្លួន។ បុរសវ័យ ៣៨ឆ្នាំរូបនេះបានសំរេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលដើមខែសីហានេះ បន្ទាប់ពីប្រកបអាជីពជាមួយក្លិបដើម Boca Junior ជាលើកទី៣ ពោលគឺ Boca Junior ជាក្លិបដែលគេបានចាប់ផ្តើមអាជីពតាំងពី ២០ឆ្នាំមុន។ Carlos Tevez ធ្លាប់ប្រកបបាល់ទាត់អាជីពជាមួយក្លិបជាច្រើនដូចជា Juventus, Corinthians, Shanghai Shenhua និងពីរលើកជាមួយ Boca Junior។
ចំណែកនៅ Premier League វិញ Carlos Tevez បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ West Ham ពីការកាត់ចោលកាលពីឆ្នាំ២០០៧ មុនពេលផ្លាស់មកកាន់ Manchester United ឈ្នះពាន Premier League ពីរលើក និងបន្តទៅ Manchester City នៅឆ្នាំ២០០៩ និងឈ្នះពាន Premier League មួយលើកនៅឆ្នាំ២០១២។ សរុបរួមរយៈពេល ៧ឆ្នាំនៅទឹកដីអង់គ្លេស Tevez បង្ហាញខ្លួនសរុប ២០២ប្រកួតរកបាន ៨៤គ្រាប់។ Carlos Tevez ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអាហ្សង់ទីននៅឆ្នាំ២០០៤ នៅពេលអាហ្សង់ទីនជួបអេក្វាដ័រ និងសរុបបង្ហាញខ្លួនបាន ៧៦លើក ស៊ុតបញ្ចូលទីបាន ១៣គ្រាប់៕
អត្ថបទ៖នាង សុភាវុធ