ឧត្ដរមានជ័យ៖ មន្រ្តីអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បន្តគម្រោងជួសជុលកែលម្អរសោភណភាពស្ពានទ័ព ដែលរងការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យមានភាពល្អប្រសើរឡើង ។
លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បល្បៈ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្ពានទ័ពនេះ ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំជើងទៀន ស្រុកចុងកាល់ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដែលមានបណ្តោយប្រវែង ១៥០ម៉ែត្រ ទទឹងប្រវែង១៦,៥០ម៉ែត្រ និងកម្ពស់ ១០ម៉ែត្រ ដែលកន្លងមក មានព្រៃដុះហ៊ុមព័ទ្ធច្រើន មិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ។
លោក បានបញ្ជាក់ថា ចំពោះការជួសជុលស្ពានទ័ព គឺជាផែនការគម្រោងរបស់ក្រសួង ដែលមានក្រុមការងារនាយកដ្ឋានការពារអភិរក្សសំណង់បុរាណជាអ្នកចុះសិក្សាធ្វើការជួសជុល សហការជាមួយមន្រ្តីជំនាញខេត្ត/ស្រុក ដើម្បីឲ្យតំបន់នេះមានការទាក់ទាញទៅថ្ងៃខាងមុខ។
លោកស្រី ម៉ម វណ្ណារី ប្រធានការិយាល័យនាយកដ្ឋានការពារ និងអភិរក្សសំណង់បុរាណរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នេះគឺជាគម្រោងលើកទី៧ហើយសម្រាប់ក្រុមការងារអភិរក្សសំណង់បុរាណ។
លោកស្រី បានបន្តថា ចំពោះការជួសជុល គឺដោយសារតែថ្មផ្នែកខាងកើតមុខទឹកហូរ ត្រូវបានរលុះ ហើយក្រុមការងារ បានជីកជុំវិញរណ្តៅជម្រៅដល់ទៅ ៤ម៉ែត្រចុះក្រោម ដើម្បីដាក់ថ្មតាមជញ្ជាំងដែលពុកផុយ ដោយប្រើថ្មថ្មីប្រភេទថ្មបាយក្រៀម៕អត្ថបទ៖ ឃិន សារិទ្ធ