ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជុំវិញសមយុទ្ធលំហាត់សមយុទ្ធឆ្លើយតប គ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន ឯកឧត្តម គីម វីរ: ទីប្រឹក្សា គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា ការពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធជាកិច្ចការសំខាន់ក្នុងប្រតិបត្តិសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមជំនួយការលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងលំហាត់សមយុទ្ធឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជនដែលរៀបចំដោយប្រទេសកម្ពុជា និងប្រទេសចិន។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីតំណាងប្រទេសជាសមាជិក វេទិកាតំបន់អាស៊ាន ក្រុមរុករក និងសង្រ្គោះអន្តរជាតិ (USAR) ក្រុមជំនួយការលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ប្រទេសកម្ពុជាចំនួន១៦០រូប។
តាមរយៈកិច្ចប្រជុំនេះ ក្នុងនាមជាសហប្រធាន ឯកឧត្តម គីម វីរៈ បានសម្តែងការរីករាយ និងអរគុណ ចំពោះសហប្រធានចិន ដែលបានសហការរៀបចំ សមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន តាមប្រព័ន្ធវីដេអូ។
ពាក់ព័ន្ធនឹងសមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន ឯកឧត្តម គីម វីរៈ បានកត់សម្គាល់ថា ស្របពេលនៃការរីកចម្រើនក្នុងសង្គមជាតិ និងបច្ចេកវិទ្យា ក៏មានការកើនឡើងនៃការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមហន្តរាយកើតមានឡើងកាន់តែញឹកញាប់ក្នុងសភាពកាន់តែធ្ងន់ធ្ងរ រហូតនាំឱ្យមានការបាត់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ។
ឯកឧត្តម បន្តថា ស្ថិតក្រោមស្ថានភាពនេះ ការគ្រប់គ្រងគ្រោះមហន្តរាយ ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់ពិភពលោក ពិសេសសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាតំបន់ងាយរងគ្រោះចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ និងការរញ្ជួយដីជាដើម។
ឯកឧត្តម គីម វីរ: បានបញ្ជាក់ថា ឆ្លើយតបទៅគ្រោះមហន្តរាយដែលកើតមាននៅកម្ពុជាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជាមេបញ្ជាការនៅសមរភូមិមុខនៃគ្រោះមហន្តរាយ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយដែលកើតមានឡើង។ ជាមួយគ្នានោះ កម្ពុជាតែងតែប្រកាន់យកនូវវប្បធម៌ ចែករំលែក ក្នុងស្មារតីជួយគ្នាទៅវិញទៅមកសម្រាប់ការសង្រ្គោះបន្ទាន់ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដែលមានកងកម្លាំងប្រដាប់អាវុធ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ។
ទន្ទឹមគ្នានេះ ឯកឧត្តម គីម វីរ: បន្ថែមថា ដូចនេះកម្ពុជា បានប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយយកចិត្តទុកដាក់ ស្របតាម «ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៥-២០៣០»។
គួរបញ្ជាក់ថា“សមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន” មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២២ ដែលមានគោលបំណងសំខាន់ គឺពង្រឹងសមត្ថភាពក្រុមរុករកសង្គ្រោះជាតិ-អន្តរជាតិ និងលើកកម្ពស់ភាពជាដៃគូក្នុងចំណោមប្រទេសជាសមាជិកវេទិកាតំបន់អាស៊ានទាំងអស់ផងដែរ៕ អត្ថបទ ៖ ឧត្ដម







