តាកែវ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កំលាំងអាវុធហត្ថខេត្តតាកែវ ទទួលបទបញ្ជាពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាខេត្តតាកែវថ្មី ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ នឹងចាប់ខ្លួនអ្នកញៀនល្បែងចំនួន១៣នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៃច្បាប់ ។
លោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានដឹកនាំកំលាំងចុះទៅចាប់អ្នកញៀនល្បែងដល់ទីតាំងល្បែងនៅតាមបណ្ដាលស្រុកមួយចំនួននៅក្នុងខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរបស់មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តតាកែវ ចំនួន ១៦នាក់ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងខេត្តតាកែវ ចុះបង្ក្រាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់ខុសច្បាប់តាមទូរទស្សន៍អនឡាញ នៅតាមបណ្ដាលស្រុកមួយចំនួនក្នុងខេត្តតាកែវ ដោយបានធ្វើការឃាត់ខ្លួនមនុស្សចំនួនជាង១០នាក់ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់។
លោក ឯក ឆេងហ៊ួត បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី ថា មនុស្សទាំង១៣នាក់ដែលសម្ថកិច្ចបានចាប់បញ្ជូនមកអយ្យការ ត្រូវបានលោកចោទប្រកាន់ពីបទលេងល្បែងស៊ីសង ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការទៅតាមច្បាប់»។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ បានថ្លែងឱ្យដឹងថា លោកមិនទាន់បានឃើញសំណុំរឿងអ្នកលេងល្បែងស៊ីសងខុសច្បាប់នេះបញ្ជូនមកចៅក្រមនៅឡើយទេ ។
បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ខេត្តតាកែវ នាពេលបច្ចុប្បន្ននេះ កំពុងតែល្បីល្បាញរឿងលេងល្បែងស៊ីសងខុសច្បាប់ នៅតាមបណ្ដាលក្រុងស្រុកទាំង១០ ជាពិសេសនៅក្នុងស្រុកបាទី ស្រុកគីរីវង់ ស្រុកត្រាំកក់ និងក្រុងដូនកែវ។
ទីតាំងល្បែងជល់មាន់តាមអនឡាញ និងល្បែងឡូតូ ឆ្នោតវៀតណាម បានបើកយ៉ាងរំភើយដោយគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ជាពិសេសសមត្ថកិច្ចនគបាលគឺបណ្ដាលមកពីមន្រ្តីទាំងអស់នោះ បានទទួលសំណែនក្រាស់ក្រែលពីមេល្បែងស៊ីសង ។
ក្រុមប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានសំណូមពរដល់លោកព្រះរាជអាជ្ញាខេត្តតាកែវថ្មី ឯក ឆេងហ៊ួត ដែលទើបនឹងផ្លាស់មកពីខេត្តកំពត ហើយដែលមានស្នាដៃល្អកន្លងមក នឹងធ្វើការបង្រ្កាបក្រុមលេងល្បែងស៊ីសងខុសច្បាប់នេះ ដោយគ្មានប្រណី ជាពិសេសកាស៊ីណូនៅភ្នំដិន ដែលបើកលេងជល់មាន់ យ៉ាងចំហ និងមេល្បែងដុះស្នឹមដ៏ធំនៅក្នុងស្រុកត្រាំកក់ «អង់តាសោម» ដែលមានបងប្រុសជាស្នងការរងធ្វើជាខ្នងបង្អែក៕




