
ភ្នំពេញ៖ខណៈមកចូលរួមកិច្ចប្រជុំដែលកម្ពុជាជាប្រធានអាស៊ាន ប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដឹកនាំដោយ ដាតុប៉ាទុកា សេរីហាជី អាវ៉ាំងហាល់ប៊ីប៊ីនមហាម៉ាត់យូសុះ បានមកចូលជួបសំដែងការគួរសមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាព នារសៀលថ្ងៃទី២២មិថុនា និងបានគោរពរាយការណ៍ពីលទ្ធផល ដែលកិច្ចប្រជុំបានសម្រេចជាឯកច្ឆ័ន្ទលើខ្លឹមសារសំខាន់ៗ ០៤ចំណុច។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថាះ នៅក្នុងជួបនេះ ឯកឧត្តម យូសុះ តាំងនាមឱ្យប្រតិភូទាំងមូលបានគ្រប់ថ្លៃអំណរគុណជូនចំពោះសម្ដេចតេជោចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងគោរពវាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំរបស់សម្ដេចក្នុងនាមជាប្រធានអាស៊ាន ហើយឯកឧត្តម ក៏បានគោរពរាយការណ៍ជូនសម្ដេចអំពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានអនុម័តឯកសារសំខាន់ៗចំនួន ០៤ ជាទស្សនៈទានស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នានៃកងទ័ពបណ្តាប្រទេសអាស៊ាន។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យូសុះ ដែលបានធ្វើរបាយការណ៍ ឆ្លុះបញ្ចាំងពីលទ្ធផល នៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ហើយសម្ដេចក៏បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន១០ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់ ដែលនាំឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានទទួលបានជោគជ័យ។
នៅទីបញ្ចប់សម្ដេចតេជោ ក៏បានថ្លៃងអំណរគុណជូនដល់បណ្ដារដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់និងសូមឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងអស់ទទួលបានសេចក្តីរីករាយជាមួយការស្នាក់នៅព្រះរាជាណាចក្រកម្ពុជានិងនាំទៅជាមួយនូវអនុស្សាវរីយ៍ល្អៗទៅកាន់ប្រទេសវិញ៕








