ព្រះសីហនុ៖ ដើម្បីកែលម្អសោភ័ណភាពទីក្រុង រដ្ឋបាលខេត្ដ បានកសាងរូបសំណាកដែលជានិមិត្ដសញ្ញាតំណាងខេត្ដ និងរូបសំណាកតំណាងវប្បធម៌ប្រពៃណីប្រវត្ដិសាស្ដ្រ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋថតរូបលម្ហែកម្សាន្ដ។
ការដ្ឋានអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយ នៃរង្វង់មូលសីហរាជមុខបី ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការ ដើម្បីឈានទៅរកការបញ្ចប់ និងបើកបើកឱ្យធ្វើចរាចរសាកល្បង នៅថ្ងៃទី២៥ ខែមិថុនានេះ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការកែលម្អសួនច្បារនៅរង្វង់មូលសីហរាជមុខបី ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៍ ខណៈប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចទៅ ទស្សនាលេងកម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃសមុទ្របានថែមទៀតផង។
ឯកឧត្តម បានសំណូមពរប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសីហរាជមុខបីឱ្យបានល្អ។
ខេត្ដព្រះសីហនុ មានរូបសំណាកវប្បធម៌ជាច្រើន ដូចជារូបសំណាក រង្វង់មូលតោពីរ (និមិត្ដសញ្ញាខេត្ដព្រះសីហនុ) រូបសំណាកព្រះអង្គធំ (ព្រះពុទ្ធប្រក់នាគ) រង្វង់មូលត្រីដូហ្វីន រង្វង់មូលព្រះសេវព្រះនាងអោម៉ា រង្វង់មូលសម្ដេចសង្ឃ រាជទេពវង្ស រង្វង់មូលព្រះថោងនាងនាគ និងរង្វង់មូលសីហរាជមុខបី ។ល។ ដែលក្នុងចំណោមរូបសំណាកទាំងអស់នោះ រូបសំណាកតោពីរ និងរូបសំណាកព្រះថោងនាងនាគ ទទួលបានការទាក់ទាញខ្លាំងជាងគេ៕អត្ថបទ៖ គង់ ប៊ុនថា