
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី នៅថ្ងៃទី២២ ខែមិថុនា បានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមថា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដែលមានវត្ត មាន ឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម រួមជាមួយសហការី ស្តីពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឥណ្ឌូណេស៊ី ឆ្នាំ២០២២។ កិច្ចប្រជុំនេះបានផ្តោតកា រពិភាក្សាលើដំណើរការត្រៀមឆ្ពោះទៅការចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការត្រៀ មខ្លួនរបស់ប្រតិភូ និងកីឡាករ មុន អំឡុង និងក្រោយព្រឹត្តិការណ៍ ក៏ដូចជារបៀបវារៈ និងកម្មវិធីសំខាន់ៗដែលពាក់ព័ន្ធនានា។
ឯកឧត្ដមបញ្ជាក់បន្ថែមថា យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំនឹងដឹកនាំគណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕អត្ថបទ៖ គង់ ឌិន

