អូឡាំពិក៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំនូវកម្មវិធីទិវាអូឡាំពិក ឬ Olympic Day នៅខេត្តកែប ដើម្បីបញ្ជ្រាបអំពីគុណតម្លៃអូឡាំពិកផង និងផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ។
កម្មវិធីនេះបានរៀបចំនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចរិយាវង្ស និងវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចំការដូង ដោយមានសិស្សានុសិស្សចំនួន ៧០នាក់ចូលរួមក្រោមការធ្វើបទបង្ហាញរបស់លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក ប៊ុយ សុភ័ណ្ឌ ថា កម្មវិធីរៀបចំឡើងដើម្បីផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ពិសេសអត្ថប្រយោជន៍នៃការលេងកីឡាដល់សិស្សានុសិស្ស។ ហើយក្នុងឱកាសនោះក៏មានការបញ្ជ្រាបនូវការផ្សព្វផ្សាយ ពីការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងផងដែរ ពិសេសខេត្តកែបផ្ទាល់ក៏នឹងត្រូវធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតប្រភេទកីឡាមួយចំនួន ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរ។
លោកបន្ដថា ក្រៅពីការធ្វើបទបង្ហាញអំពីទ្រឹស្ដីកីឡា និងចលនាអូឡាំពិកដល់សិស្សានុសិស្ស នៅថ្ងៃទី២៣ ខែមិថុនានេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងមានរៀបចំកម្មវិធីជិះកង់កម្សាន្ដមួយនៅជុំវិញក្រុងកែប ដោយនឹងមានសិស្សានុសិស្សរួមជាមួយកីឡាករ-កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុង ដែលកំពុងបោះជុំរុំហ្វឹកហាត់នៅទីនោះចូលរួមជិះកម្សាន្ដ ដើម្បីអបអរទិវាអូឡាំពិក និងអបអរដំណើរឆ្ពោះទៅឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា