សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប បន្ដផ្សព្វផ្សាយពីវិធានការណ៍ ៣ការពារ ៣កុំ ដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដើម្បីអោយពួកគាត់យល់ពីកតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសង្គមជាប់ជាប្រចាំ ខណៈដែលខេត្ដនេះ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់ភូមិសាស្ដ្រពលរដ្ឋ មានកាតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសង្គម ក្នុងចំណោមខេត្ដ និងរាជធានីផ្សេងទៀត ដើម្បីបង្ការ និងទប់ស្កាត់ការីករាលនៃជំងឺកូវីដ១៩។ការអនុវត្ដអោយពាក់ម៉ាស់ និងគម្លាតសង្គមក្នុងខេត្ដសៀមរាប ក្រោយពេលអាជ្ញាធររកឃើញពលរដ្ឋវិជ្ជមានកូវីដ១៩នៅក្នុងសហគមន៍នៃខេត្ដសៀមរាប។
សេចក្តីជូនដំណឹង រដ្ឋបាលខេត្តសៀមរាប ដែលប៊ីធីវីទទួលបាននៅថ្ងៃទី២៦ ខែមីនានេះ បានបង្ហាញថា ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចគម្លាតសង្គមដោយបានគ្រប់គ្នា ដោយត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
លិខិតដដែលបានបន្ដថា ប្រជាពលរដ្ឋ សាធារណជនទូទៅនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។
ការពាក់ម៉ាស់ និងអនុវត្ដគម្លាតសុវត្ថិភាពសង្គមនេះ ដើម្បីអនុវត្តតាមច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមអនុក្រឹត្យស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងសេចក្តីជូនដំណឹងស្តីពី។
ភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព អាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តការផាកពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលពុំបានអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលបានកំណត់ក្នុងនៃប្រកាសលេខ ០៨១ ស.នក .ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថានឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនេះ រួមមានអនុវត្ដនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកមានប្រសាសន៍ថា ចាប់ពីព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ មានប្រជាពលរដ្ឋស្ទើគ្រប់គ្នានៅក្នុងក្រុងសៀមរាប បានអនុវត្ដពាក់ម៉ាស់ និងគម្លាតសុត្ថិភាពសង្គម ស្ទើរមួយរយភាគរយ ដូចជារចូលផ្សារ ធ្វើដំណើរតាមផ្លូវជាដើម។
ជាមួយគ្នានោះ អាជ្ញាធរក៏បានបន្ដធ្វើការផ្សព្វផ្សាយពីវិធានការណ៍ការពារជំងឺកូវវីដ ដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។ ជាក់ស្ដែងមានក្រុមយុវជនស្ម័គ្រចិត្ដជួយជំរុញដល់ម្ចាស់អាជីវកម្មអោយពួកគាត់តាមដានអតិថិជនរបស់គាត់ នៅពេលចូលទិញទំនិញនៅកន្លែងអាជីវកម្មនោះផងដែរ៕ អត្ថបទ៖ សាវី



