ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping បានរិះគន់ការដាក់ទណ្ឌកម្មដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោក នៅក្នុងសុន្ទរកថាចាប់ផ្តើមកិច្ចប្រជុំកំពូល ៥ប្រទេសហៅកាត់ថា BRICS នៅឆ្នាំនេះ ខណៈដែលលោកព្យាយាមពង្រឹងទំនាក់ទំនងជាមួយទីផ្សារដែលកំពុងរីកចម្រើន បន្ទាប់ពីទំនាក់ទំនងល្អក់កករជាមួយលោកខាងលិច។

លោក Xi បានរិះគន់លោកខាងលិចជុំវិញការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយព្រមានថា ការយកផ្នែកហិរញ្ញវត្ថុធ្វើជាអាវុធនឹងនាំគ្រោះមហន្តរាយដល់មនុស្សនៅទូទាំងពិភពលោក។ ដោយមិនបញ្ចេញឈ្មោះសហរដ្ឋអាមេរិក លោក Xi បាននិយាយថា សហគមន៍អន្តរជាតិព្រួយបារម្ភថា សេដ្ឋកិច្ចពិភពលោកនឹងបំបែកទៅជាតំបន់ផ្តាច់មុខរៀងខ្លួន ហើយបានអំពាវនាវឱ្យពិភពលោកប្រយុទ្ធប្រឆាំងនឹងអនុត្តរភាពនៃប្រទេសណាមួយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ លោក Xi បានប្រាប់វេទិកាធុរកិច្ច BRICS តាមវីដេអូកាលពីថ្ងៃពុធថា ការយកសេដ្ឋកិច្ចពិភពលោកមកធ្វើជារឿងនយោបាយ ធ្វើជាឧបករណ៍ ធ្វើជាអាវុធ ដោយប្រើប្រាស់មូលដ្ឋានដ៏មានឥទ្ធិពលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល ក្នុងការបង្កើនទណ្ឌកម្មបានត្រឹមតែធ្វើឱ្យអ្នកដទៃឈឺចាប់ រួមទាំងខ្លួនឯង ដែលធ្វើឱ្យប្រជាពលរដ្ឋជុំវិញពិភពលោករងគ្រោះ។
ជំនួបកំពូលតាមវីដេអូដែលទីក្រុងប៉េកាំងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងសប្តាហ៍នេះ គ្រោងនឹងនាំមានជំនួបរវាងលោក Xi, ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin, នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi, ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និងប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro។ ជំនួបកំពូលដែលនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះនឹងផ្ដល់ឱកាសឲ្យលោក Xi និងលោក Putin ពង្រីកចក្ខុវិស័យរបស់មេដឹកនាំទាំង២ អំពីសណ្តាប់ធ្នាប់ពិភពលោក ក្រោយបានប្រកាសពីមិត្តភាពគ្មានដែនកំណត់ មុនពេលដែលរុស្ស៊ីវាយលុកអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន