ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ក្រាបបង្គំទូលថ្វាយ និងគោរពជូនដំណឹង ដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបងប្អូនជនរួមជាតិ អំពីការផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេច ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ដែលជាថ្ងៃកំណើតពិតប្រាកដវិញ។
សារលិខិតដែលសម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយ និងគោរពជូនដំណឹងព្រះមហា ក្សត្រ ស្ថាប័នកំពូលៗរបស់ជាតិ និងជនរួមជាតិនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា កាលពីថ្ងៃទី២១ម្សិលមិញ ដោយសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។
តាមរយៈសាលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តបតាមសេចក្តីអំពាវនាវរបស់ព្រះវរាជបិតាជាតិ សម្តេចព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាអំឡុងឆ្នាំ១៩៧០ សម្តេច បានចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងក្រុមធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់ប្រទេស។ ក្នុងសម័យកាលសង្រ្គាមនោះ សម្តេចបានកំណត់យកថ្ងៃដែលសម្តេចចូលតស៊ូ ធ្វើថ្ងៃកំណើត គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ និងបានប្រើប្រាស់នាពេលកន្លងមក។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា ការកែតម្រូវតាមថ្ងៃ-ខែ-ឆ្នាំកំណើតពិតគឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ និងដើម្បីជៀស វាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃចម្រើនព្រះជន្មាយុរបស់សម្តេចក្នុងមួយឆ្នាំរហូតដល់ពីរដងនោះ។
សូមរំលឹកថា ឯកឧត្តម គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានដាក់ពាក្យសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។
បន្ទាប់ពីតុលាការសម្រេចកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើត តុលាការក៏បានក៏បានបង្គាប់ឲ្យមន្ដ្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធស្របតាមខ្លឹមសារ ដូចដែលបានបញ្ជាក់នៅចំណុចខាងលើផងដែរ៕ អត្ថបទ៖ បាន ចក់












