រុស្ស៊ី៖ យោងតាមទិន្នន័យរបស់ក្រុមហ៊ុនតាមដានស្ថានភាពទីផ្សារសកល Refinitiv Eikon និងប្រភពផ្សេងៗជាច្រើនទៀតបានឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង និងថាមពល naphtha ទៅកាន់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា ខណៈខ្លួនពិបាកក្នុងការលក់ឥន្ធនៈនៅអឺរ៉ុប ស្របពេលដែលអាស៊ីកំពុងទទួលយកបរិមាណប្រេងឆៅរបស់រុស្ស៊ីកាន់តែច្រើនរួចទៅហើយ។
ការប្រែប្រួលនេះទំនងជាបង្កើនការប្រកួតប្រជែងសម្រាប់អតិថិជនអាស៊ីរវាងរុស្ស៊ី និងប្រទេសនាំចេញឥន្ធនៈធំៗផ្សេងទៀតដូចជាអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកដែលជាអ្នកផ្គត់ផ្គង់ធំបំផុតទាំង៣ ទៅកាន់តំបន់អាស៊ី។ សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលប្រេងឆៅ និងឥន្ធនៈរបស់រុស្ស៊ីបន្តិចម្តងៗចាប់តាំងពីខែមីនា ហើយបានយល់ព្រមលើបម្រាមនាំចូលទាំងស្រុងដែលនឹងចូលជាធរមាននៅចុងឆ្នាំ២០២២ នេះ។
អតិថិជននៅអាស៊ីបានបោះជំហាន ទៅរកការបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ីយ៉ាងឆាប់រហ័ស ទោះបីជាអាស៊ីមិនមែនជាទីផ្សារធំសម្រាប់ឥន្ធនៈរុស្ស៊ីក៏ដោយ ព្រោះអាស៊ីចម្រាញ់ប្រេងច្រើនជាងតម្រូវការ និងជាអ្នកនាំចេញឥន្ធនៈសុទ្ធ។ សហភាពអឺរ៉ុបត្រូវបានជំរុញឲ្យត្រៀមលក្ខណៈ សម្រាប់ការកាត់ផ្ដាច់ទាំងស្រុងនៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីនៅរដូវរងានេះ៕
អត្ថបទ៖ សុខមាន