ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៦ មិថុនា ខាងមុខនេះ នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី២៣នេះថា បន្ទាប់ពីដំណាក់កាលនៃការពិនិត្យទៅលើពាក្យបណ្តឹងចំនួនជាង ២០០បណ្តឹងជុំវិញការដំណើរការបោះឆ្នោតត្រូវបានបញ្ចប់ និងការប្រកាសលទ្ធផលបឋមរួចរាល់ គ.ជ.ប ឈានដល់ដំណាក់កាលចុងក្រោយ គឺការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ឯកឧត្តម បន្តថា ការប្រកាសលទ្ធផលផ្លូវការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមិថុនា ដោយមធ្យោបាយប្រកាសលទ្ធផលនឹងធ្វើតាមប្រព័ន្ធផ្សព្វផ្សានានា និងប្រព័ន្ធអេប របស់ គ.ជ.ប ។
ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការបោះឆ្នោត គ.ជ.ប ផ្តល់រយៈពេល២សប្តាហ៍សម្រាប់ការប្រកាសចូលកាន់តំណែងសមាសភាពមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាថ្មីផងដែរ។
ស្របពេលដំណាក់កាលប្រកាសលទ្ធផលបោះឆ្នោតនឹងមកដល់នាពេលខាងមុខ ឯកឧត្តម ហង្ស ពទ្ធា វាយតម្លៃថា ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺមានការវិវឌ្ឍរីកចម្រើន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតសរុបចំនួន ១៧គណបក្សនយោបាយ និងក្នុងចំណោមប្រជាពលរដ្ឋជាង៩ លាននាក់ មានប្រជាពលរដ្ឋចំនួនជាង ៧លាននាក់បានចូលរួមបោះឆ្នោតនាពេលកន្លងទៅ៕
អត្ថបទ៖ ឧត្តម