ភ្នំពេញ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម មានចំនួនសរុបជិត ៤៣ ៦០០ មូលដ្ឋាន ក្នុងនោះ មានសហគ្រាសបង្កើតថ្មី ចំនួន ៤៥១ មូលដ្ឋាន មានទុនវិនិយោគសរុបប្រមាណជាង ៧៤០ លានដុល្លារអាមេរិក បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងការផលិត និងវេចខ្ចប់។
ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTVថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក្នុងនោះវិស័យនេះបានស្រូបយកសក្តានុពលក្នុងស្រុក ជាពិសេសលើវិស័យកសិកម្ម សម្រាប់ជាវត្ថុធាតុដើមក្នុងការវេចខ្ចប់ ខណៈដែលរាជរដ្ឋាភិបាល បានកំពុងបន្តអនុវត្តវិធានគោលនយោបាយជាច្រើន ដើម្បីទាញយកតម្លៃបន្ថែម ពីវិស័យកសិកម្ម។
ឯកឧត្តម ថ្លែងឲ្យដឹងថា ជុំវិញការអភិវឌ្ឍសហគ្រាសលើផ្នែកកម្មន្តសាលនេះ កម្ពុជាទទួលបានសហគ្រាសទើបតែបង្កើតថ្មី មានចំនួនប្រមាណ ៤៥១ មូលដ្ឋាន គិតសរុបមកដល់ត្រឹមខែ ឧសភា ឆ្នាំ ២០២២ នេះ ធ្វើឱ្យចំនួនសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណជិត ៤៣ ៦០០ មូលដ្ឋាន ដោយមានទុនវិនិយោគប្រមាណ៧៤០ លានដុល្លារអាមេរិក។
សហគ្រាសកម្មន្តសាលទាំងនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់តាមតម្រូវការទីផ្សារ នឹងការចូលរួមដល់កំណើននៃសេដ្ឋកិច្ចជាតិ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា ទាក់ទងខ្សែច្រវ៉ាក់ផលិតនៅក្នុងសហគ្រាសធុនតូច និងមធ្យម ទោះបីនៅក្នុងការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ វិស័យនេះនៅតែដំណើរផលិត និងវេចខ្ចប់ជាធម្មតា និងមកដល់បច្ចុប្បន្នការវេចខ្ចប់នេះ បានដំណើរការទៅដោយរលូន និងបានកើនឡើង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ សម្រាប់ហូបចុករបស់ ប្រជាជន។
សូមបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣, ដើម្បីធានាការសម្រេចបាននូវទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៨-២០២៣, ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ កំណត់យកអាទិភាពសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់សហគ្រាសកម្មន្តសាល រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងការអនុវត្ត ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ចេញវិធានការលើកទឹកចិត្តជាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ច ៕អត្ថបទ៖ សុន រ៉ាឌី,