បាល់ទាត់៖ ក្លិបបាល់ទាត់វែល Cardiff City បានចាប់ផ្តើមបើកការចរចាជាមួយតំណាងរបស់ Gareth Bale ក្នុងការផ្ទេរប្រធានក្រុមវែលរូបនេះមកកាន់ទឹកដីកំណើត។ កីឡាករវ័យ ៣២ឆ្នាំរូបនេះកំពុងនៅទំនេរ បន្ទាប់ពីកិច្ចសន្យារបស់គេអស់សុពលភាពជាមួយ Real Madrid។
យ៉ាងណាក្តីការចរចាមិនទាន់ចេញជាផ្លែផ្កាឡើយ ខណៈដែលភ្នាក់ងាររបស់ Bale ក៏កំពុងទទួលបានសំណើជាច្រើនពីក្លិបផ្សេងទៀតផងដែរ។ Gareth Bale ធ្លាប់បានបញ្ជាក់ថា ក្លិបបន្ទាប់ដែលរូបគេនឹងបន្តអាជីពនោះ គឺជាក្លិបដែលគេមានឱកាសលេងបាល់បានច្រើនតាមដែលអាចធ្វើបាន ក្នុងគោលដៅរួមដំណើរជាមួយក្រុមវែលទៅកាន់ World Cup ចុងឆ្នាំនេះ។ សូមបញ្ជាក់ថា វែលទើបតែបានទទួលកៅអី World Cup នៅកាតាកាលពីដើមខែ ក្រោយយកឈ្នះអ៊ុយក្រែនៅវគ្គ Play-Off ផ្តាច់ព្រ័ត្រ។
រំលឹកថា អាជីពរបស់ Bale នៅ Real Madrid ត្រូវបានរំខានខ្លាំងដោយសារបញ្ហារបួស ខណៈរយៈពេល ៩ឆ្នាំនៅ Real Madrid, Gareth Bale បង្ហាញខ្លួន ២៥៨ប្រកួតស៊ុតបញ្ចូលទីបាន ១០៦គ្រាប់ ឈ្នះពាន La Liga ៣លើក និង UEFA Champions League ៥លើក៕
អត្ថបទ៖នាង សុភាវុធ