ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងកំណើន ៥ភាគរយ កើនឡើងពី ៣ភាគកាលពីឆ្នាំ២០២១កន្លងទៅ គាំទ្រយ៉ាងសំខាន់ដោយសកម្មភាពនាំចេញកសិកម្ម ការអនុវត្តកិច្ចព្រមព្រៀងតំបន់និងសេរីទ្វេភាគី។
ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយកាលពីពេលថ្មីៗនេះថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនៅឆ្នាំ ២០២២ នឹងត្រូវបានគាំទ្រជាចម្បងដោយការនាំចេញកសិផល ការដឹកជញ្ជូន ទូរគមនាគមន៍ និងការធ្វើឱ្យប្រសើរឡើងនូវលំហូរវិនិយោគ និងការផ្ទេរប្រាក់ពីកម្មករនៅក្រៅប្រទេស។
របាយការណ៍ដដែល បន្តថា ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី។
ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញពីកត្តាមួយចំនួន ដែលអាចនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍ បានលើកឡើងពីលក្ខខណ្ឌមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺរាតត្បាត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ ជាការគំរាមកំហែងដល់សេដ្ឋកិច្ច។
ទោះបីជាកម្ពុជាមានទំនាក់ទំនងម៉ាក្រូសេដ្ឋកិច្ចតិចតួចទៅនឹងតំបន់រុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏សង្រ្គាមដែលអូសបន្លាយ អាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសសហភាពអឺរ៉ុប ដែលជាគោលដៅនាំចេញដ៏សំខាន់មួយរបស់កម្ពុជា។
បន្ថែមពីលើនេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារយុទ្ធសាស្ត្រទប់ស្កាត់នៃជំងឺកូវីដ-១៩ បាននាំឱ្យមានការបិទទ្វារញឹកញាប់ជាងមុន និងថមថយនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកខ្លាំងលើការវិនិយោគរបស់ចិន និងសម្ភារៈនាំចូលសម្រាប់ឧស្សាហកម្មដែលផ្តោតលើការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា។
ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងថា ទោះបីជាអត្រានៃការឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Omicron នៃ មានកម្រិតទាបនៅកម្ពុជាក៏ដោយ ការគំរាមកំហែងនៃការលេចឡើងនៃជំងឺប្រភេទថ្មីនេះនៅតែមាននៅឡើយ។ ការបន្តរីករាលដាលនៃ ជំងឺកូវីដ១៩ Omicron នៅក្នុងតំបន់ ក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាផងដែរ តាមរយៈការធ្លាក់ចុះនៃការទូទាត់ប្រាក់ ទេសចរណ៍ ការវិនិយោគ និងបណ្តាញនាំចេញ។
សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ក្នុងរង្វង់ ៣ភាគរយ ក្នុងឆ្នាំ២០២១ គាំទ្រខ្លាំងសកម្មភាពសេដ្ឋកិច្ច និងសង្គម នៅត្រីមាសទីបួន បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសពេញលេញឡើងវិញ៕អត្ថបទ៖ វណ្ណៈ
