
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គជាច្រើនគ្រួសារ បានចាប់យកវិស័យទេសចរណ៍ធ្វើជាមុខរបរថ្មី ជំនួសការធ្វើនេសាទ និងធ្វើកសិកម្ម ហើយពលរដ្ឋទាំងអស់នោះ បានអំពាវនាវដល់ភ្ញៀវទេសចរ ទៅលេង កម្សាន្តតាមដងទន្លេមេគង្គ ដែលអាចឲ្យពួកគេរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីតាមដងទន្លេមេគង្គជាមួយសាយ យុទ្ធនាការអុកស្វាម (Oxfarm) ដើម្បីលើកកម្ពស់ពីការយល់ដឹងពីសារសំខាន់របស់ទន្លេមេគង្គ នាថ្ងៃទី២៣ ខែមិថុនា នេះ អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍សម្រស់កោះហាន ខេត្តស្ទឹងត្រែង និងជាតំណាងពលរដ្ឋរស់នៅតាម ដងទន្លេមេគង្គ បានលើកឡើងថា បច្ចុប្បន្ន មច្ឆជាតិក្នុងទន្លេមេគង្គ ក្នុងតំបន់ពួកគេ បានថយចុះជាបន្ត បន្ទាប់ ធ្វើឲ្យការនេសាទមិនសូវបាន ហើយមិនអាចពឹងផ្អែកនឹងរបរនេះចិញ្ចឹមជីវិតបានដូចមុន ខណៈការ ធ្វើកសិកម្ម ក៏មិនសូវបានផល ព្រោះបញ្ហាបម្រែបម្រួលអាកាសធាតុ ឬគ្រោះធម្មជាតិនានា ធ្វើឲ្យបាត់ប្រាក់ ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
អ្នកស្រីបានបន្តថា ការនេសាទត្រី និងធ្វើកសិកម្ម មិនបានដូចមុន ពួកគេក៏បានបង្វែរមកចាប់ យកវិស័យទេសចរណ៍ ធ្វើជាមុខរបរថ្មី ដើម្បីចិញ្ចឹមជីវិត ដោយពួកគេអំពាវនាវដល់ភ្ញៀវទេសចរជាតិ និង បរទេស ឱ្យទៅលេងកម្សាន្តក្នុងខេត្តទាំងអស់នេះ ដែលមានតំបន់ទេសចរណ៍ដ៏មានសក្ដានុពលបែបអេកូ ទេសចរណ៍ជាច្រើនកន្លែង។
លោកស្រី កែវ កណិកា ប្រធានគម្រោងបរិយាប័ន្ន២ នៃអង្គការអុកស្វាម (OXFAM) បានលើក ឡើងថា សម្រាប់យុទ្ធនាការអុកស្វាម ដើម្បីលើកកម្ពស់ពីការយល់ដឹងពីសារសំខាន់របស់ទន្លេមេគង្គ មាន គោលបំណងលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ ដែលងាយរង គ្រោះដោយសារផលប៉ះពាល់ដោយការផ្លាស់ប្ដូររំហូរទឹក និងការគំរាមកំហែងកើនឡើង ដល់សន្តិសុខ ស្បៀង នៅតាមដងទន្លេមេគង្គ ។
លោកស្រីបានបន្តថា យុទ្ធនាការនេះ បានចាប់ផ្ដើមតាំងពីខែមីនា ឆ្នាំ២០២២ ជាយុទ្ធនាការតាម ដងទន្លេមេគង្គតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា ឆ្លងកាត់តាមខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្ត ក្រចេះ របស់លោក អូន បាឋម ហៅ (សាយ) ជាអគ្គរាជទូតសុឆន្ទៈរបស់អង្គការ ។
ខេត្តនៅជាប់ដងទន្លេមេគង្គ មានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដូចជាខេត្តស្ទឹងត្រែង មានតំបន់ ទេសចរណ៍អន្លង់ផ្សោតឈើទាល តំបន់ព្រៃលិចទឹករ៉ាមសារ តំបន់ឧទ្យានជាតិវីរៈជ័យ តំបន់ទេចរណ៍បូរី អូរស្វាយ តំបន់ទេចរណ៍អូរឫស្សីកណ្តាល និងតំបន់ទេសចរណ៍រមណីយដ្ឋានចម្ការក្រូច ជ្រោះសុភមិត្ត ជាដើម។ ចំណែកនៅក្រចេះ មានវត្តសរសេរ១០០ ព្រែកកាំពី និងអន្លង់ផ្សោត និងកន្លែងជាច្រើនទៀត៕ អត្ថបទ៖ បាន សុខរិទ្ធិ


