ប៉ៃលិន៖ ក្រុមយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរខេត្ត ក្នុងការបើកយុទ្ធនាការចែកម៉ាស់ អាលកុល ជែលដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងនៅតាមមូលដ្ឋានទូទាំងខេត្ត ក៏ដូចជាផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ក្នុងពេលចុះធ្វើយុទ្ធនាការចែកបរិក្ខាសុខាភិបាលទាំងអស់នេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក ហុក សុផល អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្ត លើកឡើងថា សកម្មភាពនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសារដ៏មានសារសំខាន់ មាន ៣កុំ ៣ការពារ និងការពារកុំឲ្យមានឆ្លងរាលដាលនូវជំងឺកូវីដ១៩ ក្នុងសហគមន៍កូវីដខេត្តប៉ៃលិន ខណៈរាជធានី និងខេត្តមួយចំនួនកំពុងមានបញ្ហានេះ ។
លោកបានបន្តថា ចំពោះការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្តប៉ៃលិន បានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំនូវការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងវិធានការអនាម័យ ផ្សព្វផ្សាយពីច្បាប់ដល់ពលរដ្ឋ ក៏ដូចជាពលករប្រទេសថៃ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ពិសេសសូមពលករកុំឲ្យមានការគេចវេះការធ្វើចត្តាឡីស័ក ជឿតាមការញុះញង់របស់ពួកមេខ្យល់ ។
លោក ហុក សុផល បានបញ្ជាក់ថា យុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់ពលរដ្ឋនេះ នឹងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ រហូតដល់មានការស្ងប់ស្ងាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា និងសូមអំពាវនាវដល់ពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តនូវវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល និងកុំប្រព្រឹត្តិខុសច្បាប់ស្តីពីកូវីដ ចៀសវាងមានការផាកពិន័យ និងការដាក់ទោសទណ្ឌ ៕ អត្ថបទ៖ បាន សុខរិទ្ធ