ទោចក្រយាន៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំយុទ្ធនាការ “ប្រជាជនម្នាក់ កង់មួយគ្រឿង ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣” ដើម្បីបំផុសវិស័យមួយនេះផង និងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះផង។
នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បន្ទាប់ពីយុទ្ធនាការមួយនេះត្រូវបានរៀបចំផ្ដើមចេញពីខេត្តកែបកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញដោយមានកីឡាករ-កីឡាការិនីចូលរួមសរុបប្រមាណ ១០០នាក់។ លោកបន្ដថា កម្មវិធីនេះរៀបចំឡើងក្រោមគម្រោងឧបត្ថម្ភគាំទ្រ របស់សហព័ន្ធកីឡាទោចក្រយានអន្ដរជាតិដោយក្នុង ១ឆ្នាំ សហព័ន្ធគ្រោងរៀបចំយ៉ាងហោច ៣ដងនៅតាមខេត្តគោលដៅទេសចរណ៍ ពិសេសខេត្តត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ជាក់ស្ដែងបន្ទាប់ពីខេត្តកែប សហព័ន្ធគ្រោងរៀបចំនៅខេត្តសៀមរាបនាពេលឆាប់ៗខាងមុខ។
តាមរយៈនេះក្នុងនាមសហព័ន្ធលោកបានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជន-យុវតីចូលរួមជិះកង់ និងលេងកីឡាឲ្យបានច្រើនកុះករដើម្បីបង្កើតចំណងមិត្តភាព សាមគ្គីភាព និងទទួលបានសុខភាពល្អ ក៏ដូចជាចៀសឆ្ងាយពីគ្រឿងញៀនផង ពិសេសដើម្បីផ្សព្វផ្សាយ និងអបអរសាទរដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា