អាហ្វហ្គានីស្ថាន៖ ជំនួយបានចាប់ផ្ដើមទៅដល់នៅក្នុងតំបន់ដាច់ស្រយាលមួយរបស់ប្រទេសអាហ្វហ្គានីស្ថាន ជាទីដែលគ្រោះរញ្ជួយដីបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១,១៥០នាក់ ខណៈក្រុមមន្ត្រីតាលីបង់បាននិយាយថា ប្រតិបត្តិការសង្គ្រោះបានបញ្ចប់ហើយ។

ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័របានវាយប្រហារកាលពីព្រឹកថ្ងៃពុធចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រពីភាគនិរតីក្រុងកាប៊ុល នៅតាមជើងភ្នំហួតហែងសំបូរទៅដោយសំណង់លំនៅឋានតូចៗ ជិតព្រំដែនប្រទេសប៉ាគីស្ថាន។ លោក Abdul Wahid Rayan មន្ត្រីជាន់ខ្ពស់តាលីបង់ និងជាអគ្គនាយកនៃទីភ្នាក់ងារព័ត៌មានរដ្ឋ Bakhtar បានប្រាប់ទីភ្នាក់ងារ Anadolu កាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស ១,៦០០នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រដែលបានអង្រួនភាគខាងកើតរបស់ប្រទេសនេះ។ លោកថា លំនៅឋានចំនួន ១,៨០០ខ្នងបានបាក់រលំ។

ការប្រាស្រ័យទាក់ទងគ្នាមិនល្អ និងផ្លូវពិបាកធ្វើដំណើរកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ ក្នុងប្រទេសមួយដែលកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ដែលបានកើនឡើងចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់កាលពីខែសីហាឆ្នាំមុន។ លោក Mohammad Ismail Muawiyah អ្នកនាំពាក្យមេបញ្ជាការយោធាជាន់ខ្ពស់របស់តាលីបង់នៅក្នុងខេត្ត Paktika ដែលរងគ្រោះខ្លាំងជាងគេបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់ ហើយគ្មានអ្នកណាម្នាក់ជាប់នៅក្រោមគំនរបាក់បែកនោះទេ៕
អត្ថបទ៖ សុខមាន