បាល់ទាត់៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា ភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាបានរួមចំណែកកសាងទាំងសង្គម និងសេដ្ឋកិច្ចជាតិ។ នេះបើតាមការបញ្ជាក់ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនវៀតធេល ខេមបូឌាកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនាម្សិលមិញ។

ឯកឧត្តមបានរំលឹកថា ក្រោយបាល់ទាត់កម្ពុជាចាប់ផ្ដើមសកម្មភាពឡើងវិញ ទាំងត្រដាបត្រដួសកាលពីឆ្នាំ២០០៦ ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាបាល់ទាត់កម្ពុជាបានវិវឌ្ឍន៍ និងរីកចម្រើនជាបន្ដបន្ទាប់រហូតមកទល់បច្ចុប្បន្ន ដែលក្រៅពីការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិក្នុងស្មារតីកសាងមិត្តភាព សាមគ្គីភាព បាល់ទាត់បានរួមចំណែកយ៉ាងច្រើនក្នុងការងារសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រមុខសហព័ន្ធដដែលបានពន្យល់ថា ចំពោះការជួយដល់ផ្នែកសង្គមកម្ពុជារួមមាន៖
១-កាត់បន្ថយនូវការបោះបង់សាលារបស់យុវជន
២-កាត់បន្ថយការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវជន
៣-កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមយុវជន និងអ្នកគាំទ្របាល់ទាត់
៤-បង្កើនការយល់ដឹងអំពីការរីករាលដាលនៃជំងឺឆ្លង ពិសេសជំងឺអេដស៍ ហើយបច្ចុប្បន្ននេះគឺជំងឺកូវីដ-១៩
៥-ផ្ដល់ឲ្យយុវជន និងអ្នកគាំទ្របាល់ទាត់កម្ពុជាជៀសផុសពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយសង្គ្រាម
៦-បានអប់រំដល់ពលរដ្ឋ និងយុវជនកម្ពុជារួមគ្នាក្នុងការថែរក្សាបរិស្ថាន និងអនាម័យ។
ចំពោះការរួមចំនែកក្នុងផ្នែកសេដ្ឋកិច្ចវិញ ឯកឧត្តមថា តាមរយៈបាល់ទាត់ធ្វើឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ ដែលជាប្រទេសសម្បូរដោយតំបន់ទេសចរណ៍ពិសេសប្រាសាទបុរាណ ដោយបានទាក់ទាញអ្នកទេសចរណ៍តាមរយៈបាល់ទាត់ ក្នុងនោះក៏មានអ្នកវិនិយោគបានចាប់អារម្មណ៍ ហើយបានមកបណ្ដាក់ទុនមករកស៊ីនៅកម្ពុជា បង្កើនការងារជូនប្រជាជនកម្ពុជា បង្កើនប្រាក់ចំណូល ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនផងដែរ៕
អត្ថបទ៖ លី ឈុនឡា