WHO៖ ស្របពេលដែលអង្គការសុខភាពពិភពលោក កោះប្រជុំគណៈកម្មាធិការគ្រាអាសន្នរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាថា តើការផ្ទុះឡើងនៃជំងឺអុតស្វាត្រូវប្រកាសជាគ្រាអាសន្នសុខភាពសកលដែរទេ ក្រុមអ្នកជំនាញខ្លះនិយាយថា ការសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោកក្នុងការចាត់វិធានការភ្លាម បន្ទាប់ពីជំងឺនេះបានហៀរចូលដល់ប្រទេសលោកខាងលិច អាចស្ដែងឲ្យឃើញពីភាពមិនស្មើគ្នាដែលថា ការកើតឡើងនៃជំងឺនេះមានការបែងចែករវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ អំឡុងពេលមានជំងឺរាតត្បាតសកលកូរ៉ូណា។

ការប្រកាសជំងឺអុតស្វា ជាគ្រាអាសន្នផ្នែកសុខភាពជាសកលនឹងមានន័យថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិចាត់ទុកការផ្ទុះឡើងនេះថាជា "ព្រឹត្តិការណ៍មិនធម្មតា" ហើយថា ជំងឺនេះមានហានិភ័យខ្ពស់នៃការរីករាលដាលឆ្លងព្រំដែនកាន់តែច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនបង្ហើបថា ការប្រកាសបែបនេះអាចជួយទប់ស្កាត់ការឆ្លងរាតត្បាតជំងឺនេះ ចាប់តាំងពីប្រទេសអភិវឌ្ឍន៍ជាច្រើនដែលកត់ត្រាករណីឆ្លងថ្មីៗបំផុត កំពុងព្យាយាមបិទព័ត៌មាន។កាលពីសប្តាហ៍មុន ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានហៅការរាតត្បាតជំងឺអុតស្វានាពេលថ្មីៗនេះ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសជាង 40 ភាគច្រើននៅអឺរ៉ុបថា "មិនធម្មតា និងគួរឱ្យព្រួយបារម្ភ"។ ជំងឺអុតស្វាបានកើតមានលើមនុស្សជាច្រើន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅអាហ្វ្រិកកណ្តាល និងខាងលិច ដែលជំងឺមួយប្រភេទនេះបានសម្លាប់មនុស្សរហូតដល់ 10%។ ចំពោះការឆ្លងរាតត្បាតហួសពីទ្វីបអាហ្វ្រិកមកទល់ពេលនេះ មិនមានអ្នកស្លាប់ត្រូវបានគេរាយការណ៍ឡើយ៕
អត្ថបទ៖ សុខមាន