ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញទៅភាគីពាក់ព័ន្ធត្រូវធានាឲ្យបាននូវការផ្ដល់ស្បៀងអាហារ ការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដែលអាចនឹងរងគ្រោះដោយបញ្ហាទឹកជំនន់ នៅឆ្នាំ២០២២នេះ ។
ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាស (៦ខែ) ដើមឆ្នាំ២០២២ ឯកឧត្តម គន់ គីម បានមានប្រសាសន៍ា កម្ពុជាជាប្រទេសងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ពិសេស មុខសញ្ញាគ្រោះថា្នក់ទឹកជំនន់ ហើយគ្រោះមហន្តរាយទឹកជំនន់តែងតែជួបប្រទះញឹកញាប់ ធ្វើឱ្យ មានការខូចខាត បាត់បង់មានទំហំធំជាងបើប្រៀបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ដទៃ ដែលកើតមាននៅក្នុងប្រទេស។
ឯកឧត្តម បានបន្តថា ស្ថានភាពគ្រោះមហន្តរាយទឹកជំនន់កន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរៀបចំបច្ចុប្បន្នភាព ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ដែលមានមុខសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ រាំងស្ងួន និងគ្រោះមហន្តរាយបង្កឡើងដោយបនុស្សផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងនៃផែនការ គឺការកំណត់ត្រៀមទុកជាស្រេចនូវយន្តការ និងធនធានរបស់ស្ថាប័ន មានទាំងកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់ប្រភេទ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។ល។ ឱ្យសមស្របទៅនឹងតម្រូវការ របស់ប្រជាជនរងគ្រោះដោយគ្រោះទឹកជំនន់ ពិសេសក្រុមងាយរងគ្រោះដូចជា ស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកទីទ័លក្រ ទទួលបាននូវសេវាសុខភាព ទឹកស្អាត អនាម័យ ជម្រកស្នាក់នៅបណ្ដោះអាសន្ន ការអប់រំ ការការពារ និងស្បៀងអាហារ ។
ឯកឧត្តម គន់ គីម បានសង្កត់ធ្ងន់ថា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ គ្មានជម្រកស្នាក់នៅត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងមានសុវត្ថិភាព ត្រូវការពារសុវត្ថិភាពពីហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ ។
ជាមួយនេះ ឯកឧត្តម បានប្រកាសទទួលនូវជំនួយនានា របស់អង្គការអន្តរជាតិ តំណាងបេសកកម្ម និងស្ថានទូតបរទេស ដែលមានទីតាំងនៅកម្ពុជា និងមាននិវេសនដ្ឋាននៅបរទេសអាចចូលរួមក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ និងការឆ្លើយតបគ្រោះមហន្តរាយ ។
គួរបញ្ជាក់ផងដែរថា ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនេះគឺជាផែនការ ដែលបានធ្វើបច្ចុប្បន្នភាពជាលើកទី៣ ដើម្បីត្រៀមសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ដែលអាចកើតមាននៅ ក្នុងឆ្នាំ២០២២ នេះដោយឈរលើការប្រកាសឲ្យដឹងមុនពីមុខសញ្ញាគ្រោះថ្នាក់ដែលបានព្យាករណ៍ដោយសា្ថប័ន ជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ








