ភ្នំពេញ៖ សារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធបទល្មើស ចំនួនជាង៩០តោន នឹងត្រូវកម្ទេចចោលនៅឆ្នាំនេះ ទៅតាមវគ្គៗ ដាច់ដោយឡែកពីគ្នាដោយការដុតកម្ទេច និងបន្សាប។
របាយការណ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលBTVទទួល បាននៅថ្ងៃនេះ បានបង្ហាញថា នៅឆ្នាំនេះ សាលារាជធានីភ្នំពេញ បានសម្រេចឱ្យបំផ្លាញចោលនូវសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនជាង៩០តោន ៨០គីឡូក្រាម ក្នុងនោះ សារធាតុញៀន ចំនួនជាង៩តោន ៩០០គីឡូក្រាម។
របាយការណ៍ បានបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលត្រូវកម្ទេចដោយវិធីដុត មាន ចំនួនជាង ៦តោន៨០០គីឡូក្រាម និងសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ដែលត្រូវកម្ទេច ដោយវិធីបន្សាបមានចំនួនជាង៨៣តោន ៨០០គីឡូក្រាម។
របាយបាយការណ៍ បានបញ្ជាក់ទៀតថា សារធាតុញៀន ដែលត្រូវបានរឹបអូស និងត្រូវកម្ទេចចោល មានដូចជាប្រភេទ ហេរ៉ូអ៊ីន កូកាអ៊ីន ថ្នាំគ្រវី កាទីណូន មេតំហ្វេតាមីន កេតាមីន នីមេតាហ្សេប៉ាម និង កញ្ឆា ខណៈថ្ងៃទី២៦ ខែមិថុនានេះ គឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕អត្ថបទ៖ យន់ វ៉ាន់