ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ (ពេទ្យលោកសង្ឃ) ស្ថិតក្នុងរាជធានីភ្នំពេញ បានប្រកាសព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ជាមួយនឹងឧបករណ៍ដ៏ទំនើបចុងក្រោយរបស់ពិភពលោក ដែលការបម្រើសេវានេះ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ គ្មានថ្ងៃឈប់សម្រាក ២៤ម៉ោងលើ២៤ម៉ោង ។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានគម្រោងផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុម: បានលើកឡើងថា ចំពោះប្រជាពលរដ្ឋក្រីក្រនេះ គឺត្រូវមានប័ណ្ណក្រីក្រ ឬមានការបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរភូមិរបស់ពួកគាត់ អមជាមួយសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ហើយមន្ត្រីរាជការ គ្រូបង្រៀន និងកម្មករមានប័ណ្ណ ប.ស.ស ក៏ត្រូវព្យាបាលដោយឥតគិតថ្លៃដូចគ្នា ដែលការព្យាបាលនេះ គឺត្រូវបានយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញ ។
លោកចក្ខុបណ្ឌិតបន្តថា ឧបករណ៍ព្យាបាលភ្នែក ដែលបានបំពាក់នេះចំណាយថវិកាអស់ប្រមាណជាង៤០ម៉ឺនដុល្លារ ជាបច្ចេកវិទ្យាចុងក្រោយរបស់ពិភលោក កំពុងមានការប្រើប្រាស់នៅអាមេរិក ជប៉ុន នៅតំបន់អឺរ៉ុប និងប្រទេសជាច្រើនទៀត ។
ឯកឧត្តម តាន់ សុគន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ មានពលរដ្ឋជាច្រើនមកពិនិត្យជំងឺភ្នែក ដោយសារមន្ទីរពេទ្យនេះ ពុំមានឧបករណ៍គ្រប់គ្រាន់ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផ្សេង ។
ឯកឧត្តម បានបន្ថែមថា ប៉ុន្តែបន្ទាប់ពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ បានតម្លើងឧបករណ៍ទំនើបៗរួចរាល់ អ្នកជំងឺនឹងត្រូវព្យាបាលនៅទីនេះផ្ទាល់ ដែលមានក្រុមគ្រូពេទ្យជំនាញជាច្រើនរូបសិក្សាពីបរទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំរងចាំទទួលព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា បន្ទប់ព្យាបាលភ្នែកជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងអគារមន្ទីរពេទ្យថ្មី ជាជំនួយរបស់ប្រទេសចិន ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីដើមឆ្នាំ២០២២ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ



