ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានផ្សព្វផ្សាយឱ្យដឹងថា ល្អាងស្ពានស្ថិតក្នុងចំណោមស្ថានីយបុរេប្រវត្តិសាស្រ្តធំៗនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ ប្រតិបត្តិការបុរាណវិទ្យាដឹក នាំដោយបេសកកម្មបុរេប្រវត្តិសាស្រ្តបារាំង-កម្ពុជា ស្ថិតក្នុងក្របខណ្ឌនៃការដ្ឋានអន្តរជាតិ និងមានគោ លដៅគូសវាសឡើងវិញនូវដំណាក់កាលនីមួយនៃការរស់នៅរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា រាប់ចាប់ពីមនុស្សយុគថ្មបំបែកដល់យុគថ្មរំលីងនៃវាលទំនាបបាត់ដំបង។
ដោយមានការគាំទ្រពីគណៈកម្មការកំណាយបុរាណវិទ្យានៅបរទេស នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង កំណាយនេះបាននាំទៅរករបកគំហើញពុំធ្លាប់មានពាក់ព័ន្ធនឹងបួនសម័យកាលក្នុងនោះមានដូ ចជា៖
-យុគថ្មរំលីង៖ ផ្នូរបញ្ចុះសពចំនួន៦ត្រូវបានរកឃើញ ដោយមានភាជន៍ ថ្មរំលីង អលង្ការ និងគ្រឿងល ម្អផ្សេងៗ ដែលស្ថិតក្នុងស្ថានភាពរក្សាទុកបានយ៉ាងល្អ។ មានអាយុកាល ១៥០០ ឆ្នាំមុនគ្រិស្តសករាជ ផ្នូរទាំងនេះបង្ហាញឱ្យឃើញថា ល្អាងស្ពានត្រូវបានប្រើប្រាស់ជាច្រើនលើកច្រើនសាធ្វើជាកន្លែងបញ្ចុះសពដោយក្រុមកសិករ ដែលរស់នៅតំបន់វាលទំនាបបាត់ដំបង។
-យុគថ្មបំបែកចុងក្រោយ៖ សំដៅលើអ្នកបរបាញ់-អ្នកប្រមូលអនុផលព្រៃឈើចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៍(គិតចាប់ពី ១១ ០០០ ទៅ៥០០០ឆ្នាំមុនគ្រិស្តសករាជ)។ បរិមាណដ៏ច្រើននៃបំណែកឆ្អឹង និងឧ បករណ៍ប្រើប្រាស់ធ្វើឱ្យគេស្គាល់កាន់តែច្បាស់អំពីរបៀបរស់នៅរបស់អ្នកបរបាញ់សម័យបុរេប្រវត្តិសា ស្រ្តនៅតំបន់ត្រូពិច។
-យុគសម័យបុរេហាវប៊ីញៀន៖ គេឃើញមានថ្មប្រើប្រាស់បង្កើតផ្កាភ្លើង ដើម្បីបង្កាត់ភ្លើងដែលមានអា យុកាលចន្លោះពី ១១ ទៅ ២៦០០០ ឆ្នាំ។
-យុគមុនសម័យកាលបុរេហាវប៊ីញៀន៖ គេឃើញមានបំណែកថ្មប្រើប្រាស់សម្រាប់ពុះច្រៀកដែលមានលក្ខណៈគ្របទៅដោយផេះ ទំនងបណ្តាលមកពីបន្ទុះភ្នំភ្លើងToba។
ប្រភពដដែលបញ្ជាក់បន្ថែមថា ស្ថានីយល្អាងស្ពានបង្ហាញនូវទិដ្ឋភាពវប្បធម៌នៃរយៈពេលដ៏វែងមួយដែ លអាចឱ្យគេកំណត់សាជាថ្មីនូវដំណាក់កាលធំៗរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្តនៃកម្ពុជាចាប់តាំ ងពីពេលកកើត។ ស្ថានីយល្អាងស្ពានផ្ទុកនូវបណ្តុំព័ត៌មានបុរេប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ ដោយ សារផ្តល់នូវព័ត៌មានដែលខ្វះខាតទាក់ទងនឹងប្រវត្តិដ៏យូរលង់នៃប្រទេសកម្ពុជា ពោលគឺប្រវត្តិសាស្រ្តប្រ ទេសកម្ពុជាមុនសម័យអង្គរ៕ ដោយ៖ គង់ ឌិន



