ភ្នំពេញ ៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បានប្រមាណជាង៣០% មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត៨ហិចតា ដែលមានគ្រែសរុបចំនួន១១.០០០គ្រែ។
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អមដំណើរដោយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេសរវាងក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព។
តំណាងក្រុមហ៊ុនសាងសង់ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ ដោយបានបញ្ជាក់ថា គម្រោងសាងសង់ មណ្ឌលព្យាបាលជំងឺឆ្លង តេជោសន្តិភាព រាជធានីភ្នំពេញនេះ សម្រេចការសាងសង់បានប្រមាណជាង៣០% ដោយមណ្ឌលព្យាបាលនេះ មានអគារសរុបចំនួន០៩អគារ៖ អគារព្យាបាលចំនួន០៧ អគាររដ្ឋបាលចំនួន០១ អគារបុគ្គលិកចំនួន០១។
ជាមួយគ្នានោះដែរ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ ពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យការសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភះ ឆ្នាំ២០២៣ខាងមុខនេះ នូវអគារចំនួន០៥អគារ ចំណែកអគារនៅសល់ចំនួន០៤អគារទៀត នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។ ក្នុងនោះដែរអគារដែល គម្រោងនឹងសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន អគារព្យាបាលអ្នកជំងឺ(ចំនួន០២អគារ) អគារសង្រ្គោះបន្ទាន់ចំនួន០១ អគារផ្នែករដ្ឋបាលចំនួន០១ និងអគារសម្រាប់ក្រុមគ្រូពេទ្យព្យាបាលស្នាក់នៅចំនួន០១ ដើម្បីអាចដំណើរការទទួលអ្នកជំងឺបាន ព្រមទាំងអាចមានលទ្ធភាពទទួលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានឆ្លងរាលដាលដែលបង្កដោយវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មី ក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុ។ មណ្ឌលព្យាបាលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយ និងដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នឹងមានបំពាក់នូវសម្ភារបរិក្ខារវេជ្ជសាស្រ្ត។
ក្រោយពីមានការជួបប្រជុំពិភាក្សា និងការធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររួចមក ប្រតិភូក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល រួមជាមួយសាលារាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល បានធ្វើការចុះពិនិត្យមើលការដ្ឋានជាក់ស្តែងនៅតាមអគារនីមួយៗ និងសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្មករ ធ្វើការនៅទីកន្លែងនោះផងដែរ ព្រមទាំងចុះពិនិត្យនូវអគារដាក់សម្ភារបរិក្ខារវេជ្ជសាស្រ្ត ដែលបានផ្ទេរមកពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក ដើម្បីត្រៀមសម្រាប់ដាក់ឲ្យប្រើបា្រស់ នៅពេលដែលមណ្ឌលព្យាបាលនេះ សាងសង់រួចជាស្ថាពរ៕ អត្ថបទ ៖ រដ្ឋា














