អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់អ្នកមកចូលរួមក្នុងពិធីបុណ្យតន្ត្រី Glastonbury នៅប្រទេសអង់គ្លេសកាលពីថ្ងៃសុក្រ។ ថ្លែងតាមបណ្ដាញវីដេអូទៅកាន់អ្នកបានមកជួបជុំនៅក្នុងកម្មវិធីតន្ត្រីរបស់អង់គ្លេសលោក Zelenskyy បានជំរុញឲ្យមនុស្សទាំងអស់ផ្សព្វផ្សាយការពិត អំពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកបានថ្លែងនៅក្នុងសារមួយថា យើងនៅក្នុងប្រទេសអ៊ុយក្រែនចង់រស់នៅក្នុងជីវិតដូចដែលយើងធ្លាប់មាន ហើយរីករាយនឹងសេរីភាព និងរដូវក្តៅដ៏អស្ចារ្យនេះ ប៉ុន្តែយើងមិនអាចធ្វើដូច្នេះបានទេ ព្រោះរឿងអាក្រក់បំផុតបានកើតឡើង ប្រទេសរុស្ស៊ីបានបំផ្លាញសន្តិភាពរបស់យើង។ លោកនិយាយថា មនុស្សកាន់តែច្រើនចូលរួមជាមួយយើងក្នុងការការពារសេរីភាព និងការពិត ហើយមិនយូរនោះទេសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែននឹងបញ្ចប់។ លោក Zelenskyy និយាយថា ប្រទេសរបស់លោកបានទទួលរួចមកហើយ ផលប្រយោជន៍ច្រើនជាងត្រូវបានផ្តល់បេក្ខភាពជាសមាជិកភាពសហភាពអឺរ៉ុប ហើយប្រជាជនគួតែមានមោទនភាពចំពោះជំហានរីកចម្រើនរបស់ពួកគេ។
លោក Zelenskyy និយាយថា ស្ថានភាពបេក្ខភាពមិនធ្លាក់ពីលើមេឃនោះទេ ហើយអ៊ុយក្រែនបានធ្វើអ្វីៗជាច្រើនដើម្បីទទួលបាន។ លោកបន្ថែមថា កុំទាន់សប្បាយចិត្ត ព្រោះថាវាជាការទះកំផ្លៀងទីក្រុងមូស្គូ ប៉ុន្តែត្រូវមានមោទនភាពចំពោះការទះដៃសម្រាប់អ៊ុយក្រែន។ រដ្ឋសមាជិកសហភាពអឺរ៉ុបមិនបានព្រមព្រៀង លើការផ្តល់សមាជិកភាពពេញលេញដល់ប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្គ្រាមនោះទេ ទោះបីជាសភាអឺរ៉ុបបានបោះឆ្នោតលើសលប់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់បេក្ខភាពដល់ប្រទេសនេះក៏ដោយ៕
អត្ថបទ៖ ប៊ុនថន