សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចឈានមុខគេទាំងប្រាំពីរ បានប្តេជ្ញាបន្តការគាំទ្រប្រទេសអ៊ុយក្រែន។
បន្ទាប់ពីបានពិភាក្សាជាមួយសមាជិកប្រទេស G7 មុនកិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ លោក Blinken បាននិយាយថា មេដឹកនាំប្រទេស G7 បានព្រមព្រៀងបន្តធ្វើអ្វីដែលយើងកំពុងធ្វើក្នុងការគាំទ្រអ៊ុយក្រែន ដែលរួមមានការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងការពង្រឹងការការពាររបស់ប្រទេសផ្សេងទៀត។ លោកបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំងថា មានសាមគ្គីភាពរឹងមាំ ហើយមានការប្តេជ្ញាចិត្តពិតប្រាកដ ដើម្បីអនុវត្តវាឱ្យបានយូរអង្វែងជាការចាំបាច់។ លោក Blinken បានថ្លែងសរសើរសហភាពអឺរ៉ុប ចំពោះចំណាត់ការចាកចេញពីការពឹងផ្អែកលើប្រេងរបស់ប្រទេសរុស្ស៊ី។ លោកនិយាយថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរដែលអឺរ៉ុបកំពុងធ្វើដោយការចាកចេញពីការពឹងផ្អែកលើប្រេងរបស់រុស្ស៊ី។
ការខ្វះខាតឧស្ម័នធម្មជាតិ និងតម្លៃឡើងកាន់តែខ្ពស់កំពុងដាក់សម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ទៅលើប្រទេសអាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ហូឡង់ ប៉ូឡូញ ប៊ុលហ្គារី ហ្វាំងឡង់ សាធារណរដ្ឋឆេក និងដាណឺម៉ាកក្នុងចំណោមប្រទេសដទៃទៀត។ រុស្ស៊ីមើលឃើញតម្រូវការឧស្ម័នធម្មជាតិរបស់អឺរ៉ុបថា ជាបញ្ហានយោបាយដែលអាចធ្វើឲ្យសម្ព័ន្ធភាពដែលគាំទ្រអ៊ុយក្រែនចុះខ្សោយ៕
អត្ថបទ៖ ប៊ុនថន