UN៖ ប្រមុខអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសុក្រថា ពិភពលោកប្រឈមនឹងមហន្តរាយដោយសារតែកង្វះស្បៀងអាហារកើនឡើងនៅជុំវិញពិភពលោក។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនបានបន្ថែមលើផលប៉ះពាល់ ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាត និងវិសមភាព និងបង្កើតឲ្យមានវិបត្តិទុរ្ភិក្សសកលមិនធ្លាប់មានពីមុនមក ដែលបានធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់រយលាននាក់រួចទៅហើយ។ លោកបានថ្លែងតាមសារវីដេអូមួយទៅកាន់មន្ត្រីមកពីប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ដែលបានមកជួបជុំគ្នានៅទីក្រុងប៊ែរឡាំងថា មានហានិភ័យពិតប្រាកដ ដែលគ្រោះទុរ្ភិក្សជាច្រើននឹងត្រូវប្រកាសនៅឆ្នាំ2022 នេះ ហើយឆ្នាំ2023 អាចកាន់តែធ្ងន់ធ្ងរជាងនេះ។
លោក Guterres និយាយថា ការប្រមូលផលនៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកនឹងទទួលរងផលប៉ះពាល់ ខណៈកសិករនៅជុំវិញពិភពលោកព្យាយាមដើម្បីទប់ទល់ការកើនឡើងតម្លៃជី និងថាមពល។ បញ្ហាលទ្ធភាពទទួលបានស្បៀងអាហារនៅឆ្នាំនេះ អាចនឹងក្លាយទៅជាការខ្វះខាតស្បៀងអាហារពិភពលោកនៅឆ្នាំក្រោយ។ លោក Guterres និយាយថា អ្នកចរចារបស់អង្គការសហប្រជាជាតិកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយ ដែលអាចឱ្យប្រទេសអ៊ុយក្រែននាំចេញស្បៀងអាហាររួមទាំងតាមច្រកសមុទ្រខ្មៅ និងអនុញ្ញាតឱ្យប្រទេសរុស្ស៊ីនាំចេញស្បៀងអាហារ និងជីទៅកាន់ទីផ្សារពិភពលោកដោយគ្មានការរឹតត្បិត៕
អត្ថបទ៖ ប៊ុនថន