ឥណ្ឌា៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់នៅក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យតូចមួយ ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងទីក្រុងម៉ុមបៃប្រទេសឥណ្ឌា។

ក្រុមមន្ត្រីក្នុងស្រុកបាននិយាយថា អ្នកជំងឺ COVID-19 ជាង ៧០នាក់ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជនមួយនៅជាន់ទី៣ នៃផ្សារទំនើបមួយកន្លែង ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលផ្សេងៗ ដោយបន្ថែមថា គេកំពុងស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ។ ប្រភពព័ត៌មានខាងលើពុំបានបញ្ជាក់ ឲ្យបានច្បាស់ភ្លាមៗទេថា តើអ្នកស្លាប់ទាំងអស់នៅក្នុងមន្ទីរពេទ្យ Sunrise សុទ្ធតែជាអ្នកជំងឺ COVID-19 ឬយ៉ាងណា។ ទីក្រុងម៉ុមបៃកំពុងព្យាយាមទប់ទល់នឹងស្ថានភាពធ្ងន់ធ្ងរបំផុត នៃជំងឺរាតត្បាតសកល COVID-19 និងបានរាយការណ៍ថា មានករណីឆ្លងជាង ៥,៥០០នាក់នៅថ្ងៃព្រហស្បតិ៍តែមួយថ្ងៃគត់ ដែលជាចំនួនឆ្លងខ្ពស់បំផុតចាប់តាំងពីជំងឺនេះបានផ្ទុះឡើង៕
អត្ថបទ៖ សុខមាន