ភ្នំពេញ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ បានរៀនចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការត្រៀមបម្រុងឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២២ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែម ដើម្បីបំពេញក្នុងផែនការ និងដើម្បីជួយដល់ប្រជាពលរដ្ឋជាអ្នកងាយរងគ្រោះដោយសារគ្រោះទឹកជំនន់។
សិក្ខាសាលានេះបានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជធានីខេត្ត និងដៃគូពាក់ព័ន្ធប្រមាណ ៦០នាក់។
សូមបញ្ជាក់ថា ផែនការត្រៀមបម្រុងជំនួយសង្គមឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់រៀបចំឡើង ដើម្បីឆ្លើយតបឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះគ្រោះមហន្តរាយទឹកជំនន់ និងផលប៉ះពាល់ដែលមានសក្ដានុពលរបស់វា។ ផែនការនេះបានកំណត់យកទឹកជំនន់ជាមុខសញ្ញាគ្រោះថ្នាក់ ដែលអាចកើតមានដោយបានរួមបញ្ចូលគោលការណ៍ ណែនាំ ជាក់ស្តែងស្តីអំពីសកម្មភាព ដែលគួរធ្វើមុនពេលគ្រោះទឹកជំនន់ សកម្មភាពដែលធ្វើទុកមុន ការឆ្លើយតបទឹកជំនន់ និងសកម្មភាពក្រោយគ្រោះទឹកជំនន់៕







