ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសជូនដំណឹងដល់សាធារណៈជន ពិសេសសិស្ស-និស្សិត និងយុវជនទាំងអស់អំពីការរៀបចំការប្រកួតជ្រើសរើសស្នាដៃ ប្រឡងប្រណាំងគំនូរមេដាយ និងគំនូរភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
យោងតាមលក្ខខណ្ឌប្រឡងប្រណាំងនេះ គណៈកម្មាធិការជាតិ CAMSOC តម្រូវ៖ ១-បើកចំហរជាសាធារណៈដល់សិស្ស-និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋដែលមានស្នាដៃគំនូរ និងមានទេពកោសល្យល្អចូលរួមគូសគំនូរមេដាយ និងគប់ភ្លើងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ២-ស្នាដៃដែលបានសម្រេចជ្រើសរើសត្រូវរក្សាសិទ្ធិផ្ដាច់មុខដោយ CAMSOC។ ៣-ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០លានរៀលសម្រាប់ទាំងពីរស្នាដៃនៃគំនូរមេដាយ និងគំនូរគប់ភ្លើង។
អាស្រ័យហេតុនេះ CAMSOC បានជូនដំណឹងដល់បេក្ខជនដែលចាប់អារម្មណ៍ក្នុងគំនូរមេដាយ និងគំនូរភ្លើងគប់នេះ ហើយមានបំណងចូលរួមប្រឡងប្រណាំង អាចយកស្នាដៃរបស់ខ្លួនមកដាក់នៅអគ្គលេខាធិការដ្ឋាន CAMSOC ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ នៅអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សូមបញ្ជាក់ថា មេដាយ និងភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម គឺអត្តសញ្ញាណផ្លូវការមួយក្នុងចំណោមអត្តសញ្ញាណសំខាន់ៗជាច្រើនទៀត ដែលនឹងត្រូវចារទុកជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ហើយអ្នកទទួលបានជ័យលាភីក៏នឹងក្លាយជាផ្នែកមួយនៃកំណត់ត្រាប្រវត្តិសាស្ដ្រនេះដែរ៕
អត្ថបទ៖ លី ឈុនឡា