បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងពិចារណាពីការចាកចេញពីក្លិបបារាំង Paris Saint Germain ហើយមុនរដូវកាលថ្មីចាប់ផ្តើមខាងមុខនេះ។ សារព័ត៌មាន RMC Sport បានចុះផ្សាយថា Neymar មិនសប្បាយចិត្តឡើយ ក្រោយការលើកឡើងរបស់ប្រធានក្លិប Nasser Al-Khelaifi ថ្មីៗនេះនិយាយជុំវិញស្ថានភាពក្រុមរដូវកាលមុន។
លោក Al-Khelaifi បាននិយាយថា PSG ត្រូវតែមានការផ្លាស់ប្តូរ កីឡាករទាំងអស់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ជាងនេះ ត្រូវតែមានការផ្លាស់ប្តូរដោយមិនគួរងាយរងរបួស កាត់បន្ថយកំហុស ដែលប៉ះពាល់ដល់លទ្ធផលក្រុមទាំងមូល។ កីឡាករប្រេស៊ីល Neymar នៅមានកិច្ចសន្យារបស់គេជាមួយ PSG ដល់ឆ្នាំ២០២៧ ឯណោះ តែលទ្ធភាពនៃការលក់ចេញកីឡាករវ័យ ៣០ឆ្នាំរូបនេះនឹងអាចកើតមាន យោងតាមស្ថានភាពក្លិបនាពេលបច្ចុប្បន្ន។ ក្លិបជាច្រើនត្រូវបានគេដឹងថា បានទាក់ទងមកកាន់ Neymar ដូចជា Barcelona និង Real Madrid តែលទ្ធភាពដែលអាចទៅកាន់ទឹកដីអេស្ប៉ាញហាក់លំបាកដោយសារបញ្ហាហិរញ្ញវត្ថុ។
ក្លិបនៅអង់គ្លេសមួយចំនួនដូចជា Chelsea, Newcastle និង Manchester United ក៏បង្ហាញជំហរក្នុងការចរចាយកកីឡាករប្រេស៊ីលរូបនេះដែរ តែបញ្ហានោះគឺ Neymar មិនចង់លេងនៅទឹកដីអង់គ្លេសឡើយ។ រំលឹកថា Neymar រកបានត្រឹម ១៣គ្រាប់ និងបញ្ជូន ៨ ក្នុងការបង្ហាញខ្លួន ២៨ប្រកួតឱ្យ PSG រដូវកាលមុន តែក៏ធ្លាប់ត្រូវបានចំអកដោយអ្នកគាំទ្រមួយចំនួនដែរ ជុំវិញបញ្ហារបួសញាំញីរបស់គេពីមួយរដូវកាលទៅមួយរដូវកាល៕
អត្ថបទ៖នាង សុភាវុធ