អេស្ប៉ាញ៖ ប្រមុខការបរទេសអេស្ប៉ាញលោក Jose Manuel Albares បានប្រាប់សារព័ត៌មាន El Pais កាលពីថ្ងៃអាទិត្យថា សម្ព័ន្ធណាតូ (NATO) បានអញ្ជើញលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ឲ្យចូលរួមក្នុងជំនួបកំពូលដែលនឹងមកដល់នាពេលខាងមុខក្នុងទីក្រុងម៉ាល់ឌ្រីត (Madrid) ប្រទេសអេស្ប៉ាញ ប៉ុន្តែមិនមានន័យថា ប្លុកនេះគ្រោងនឹងអនុញ្ញាតឲ្យក្រុង Kiev ចូលជាសមាជិករបស់ខ្លួនក្នុងពេលឆាប់ៗនេះឡើយ។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា បញ្ហានៃការអញ្ជើញអ៊ុយក្រែនឲ្យចូលជាសមាជិកណាតូ មិនត្រូវបានលើកមកនិយាយទេ។ នៅពេលត្រូវបានសួរថា តើប្លុកសម្ព័ន្ធយោធានេះនឹងនៅតែបើកទ្វារទទួលក្រុង Kiev ឲ្យក្លាយជាសមាជិកនៅពាក់កណ្ដាលវគ្គនេះ ឬយ៉ាងណា លោកបានបន្ថែមថា ជម្រើសនេះមិនដែលមាននៅលើតុទេ សូម្បីតែពេលនេះ។ ការពង្រីកខ្លួនទៅកាន់ភាគខាងកើតរបស់ណាតូ ត្រូវបានរុស្ស៊ីលើកឡើងថា ជាហេតុផលមួយសម្រាប់ការបើកការវាយលុករបស់ខ្លួនចូលអ៊ុយក្រែនកាលពីខែកុម្ភៈ។
វិមានក្រឹមឡាំងបានទាមទារឱ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលនឹងមិនចូលរួមក្នុងអង្គការដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ។ កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាលោកប្រធានាធិបតី Zelensky គឺលោក Aleksey Arestovich បាននិយាយថា អ៊ុយក្រែនគឺជាផ្នែកមួយនៃសម្ព័ន្ធណាតូ តាមជាក់ស្ដែងរួចទៅហើយ ដោយចង្អុលទៅការសន្យារបស់បណ្តាប្រទេសលោកខាងលិច ដើម្បីជួយឱ្យប្រទេសនេះយកឈ្នះជម្លោះជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខមាន