រុស្ស៊ី៖ ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋតូចៗចំនួន២ នៃអតីតសហភាពសូវៀតនៅអាស៊ីកណ្ដាលក្នុងសប្ដាហ៍នេះ ជាអ្វីដែលត្រូវគេដឹងថា ជាដំណើរលើកដំបូងរបស់មេដឹកនាំរុស្ស៊ីទៅកាន់បរទេស ចាប់តាំងពីការបញ្ជាឲ្យបើកការវាយលុកចូលអ៊ុយក្រែន។
ការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈបានសម្លាប់មនុស្សរាប់ពាន់នាក់ មនុស្សរាប់លាននាក់ភៀសខ្លួន និងនាំឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច ដែលលោក Putin និយាយថា ជាហេតុផលដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ ជាមួយមហាអំណាចផ្សេងទៀតដូចជាចិន ឥណ្ឌា និងអ៊ីរ៉ង់។ លោក Pavel Zarubin អ្នកឆ្លើយឆ្លងព័ត៌មាននៃស្ថានីយទូរទស្សន៍រដ្ឋ Rossiya 1 របស់វិមានក្រឹមឡាំងបាននិយាយថា លោក Putin នឹងធ្វើទស្សនកិច្ចទៅកាន់តាហ្ស៊ីគីស្ថាន និងតួកមិននីស្ថាន ហើយបន្ទាប់មកជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo សម្រាប់កិច្ចពិភាក្សានៅទីក្រុង Moscow។
នៅទីក្រុង Dushanbe លោក Putin នឹងជួបជាមួយប្រធានាធិបតីតាជីគីស្ថានលោក Imomali Rakhmon ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងជាអ្នកមេដឹកនាំកាន់អំណាចយូរបំផុតនៃអតីតរដ្ឋសូវៀតមួយ។ លោក Zarubin បាននិយាយថា នៅទីក្រុង Ashgabat លោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសសមុទ្រកាសព្យែន (Caspian) រួមទាំងមេដឹកនាំនៃប្រទេសអាហ្ស៊ែបៃហ្សង់, កាហ្សាក់ស្ថាន, អ៊ីរ៉ង់ និងតួកមិននីស្ថាន។ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីលោកស្រី Valentina Matviyenko ប្រធានព្រឹទ្ធសភារុស្ស៊ីដែលបានប្រាប់ទូរទស្សន៍បេឡារុស្សកាលពីថ្ងៃអាទិត្យថា លោក Putin ក៏មានគម្រោងទៅទស្សនកិច្ចនៅទីក្រុងទីក្រុង Grodno ប្រទេសបេឡារុសនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដាផងដែរ ដើម្បីចូលរួមក្នុងវេទិកាមួយជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko៕
អត្ថបទ៖ សុខមាន