ភ្នំពេញ៖ ក្នុងឱកាសទិវាខួបគម្រប់២៤ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្តេជ្ញាពង្រឹងស្មារតីរបស់ស្ថាប័ន ដើម្បីបន្តការគោរពនីតិរដ្ឋ និងការពារឯករាជភាព នៃរដ្ឋធម្មនុញ្ញ។
ការថ្លែងរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបែបនេះ ធ្វើឡើងក្នុងទិវាខួបគម្រប់២៤ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមមានប្រសាសន៍ថា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវរបស់ប្រធាន សមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុងឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារគោរពរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនីតិរដ្ឋ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បន្តថា ដើម្បីបន្តកិច្ចការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជាបង្កើនស្មារតីភាពជាធ្លុងមួយនៅក្នុងស្ថាប័ន គឺក្រុមប្រឹក្សាធម្មនុញ្ញបន្តប្រកាន់ខ្ជាប់ និងគោរពនូវគុណតម្លៃសម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងនោះគោរពនីតិរដ្ឋ ការពារឯករាជភាព អនុវត្តអព្យាក្រិតភាព សម្រាប់អនុវត្តក្នុងពេលបច្ចុប្បន្ន និងពេលអនាគតយូរអង្វែង ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាពិសេសការត្រៀមបំពេញការងារ ដែលជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញរួមមាន៖ ដោះស្រាយវិវាទកម្មពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឲ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ៉ា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ដើម្បីពង្រឹងស្មារតីរបស់រដ្ឋធម្មនុញ្ញ នាពេលបច្ចុប្បន្នក្រុមការងារស្ថាបត្យកម្មកំពុងសិក្សាអំពីការសាងសង់ស្តូប ដើម្បីរំលេចពីអត្ថន័យរបស់រដ្ឋធម្មនុញ្ញ ។
នាឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម លើកឡើងថា ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួននារយៈពេល២៤ឆ្នាំកន្លងក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើន ក្នុងការធានាការពារការគោរពធម្មនុញ្ញ ដោយសម្រេចបាននូវសមិទ្ធផល ថ្វាយមតិព្រះមហាក្សត្រចំនួន១៤ករណី បកស្រាយរដ្ឋធម្មនុញ្ញចំនួន១១ករណី បកស្រាយចំនួន១០ករណី ពិនិត្យធម្មនុញ្ញភាពនៃច្បាប់ចំនួន៩៧ករណី ពិនិត្យនិងសម្រេចលើករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតសរុបចំនួន ២៨៩សំណុំរឿងរួមមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន៤នីតិកាល និងវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចំនួន៦នីតិកាលផងដែរ៕ អត្ថបទ៖ សេក ឧត្តម