បាល់ទាត់៖ ក្លិបបាល់ទាត់ដែលទើបឡើងមកក្របខណ្ឌ English Premier League, Nottingham Forest បានសំរេចក្នុងការនាំយកកីឡាករដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដើម្បីត្រៀមរដូវកាលថ្មីនៅក្របខណ្ឌកំពូល។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Taiwo Awoniyi បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Union Berlin មកកាន់ Nottingham Forest ក្នុងតម្លៃ ១៧លានផោនជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ២០គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ប្រកួតគ្រប់ក្របខណ្ឌរដូវកាលមុន និង ១៥គ្រាប់នៅ Bundesliga ក្នុងការបង្ហាញខ្លួនក្នុងលីគ ៣១ប្រកួត ឈរលេខ ៦ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតប្រចាំរដូវកាល និងជួយ Union Berlin បានលេខ ៥ មានកៅអីនៅក្របខណ្ឌអឺរ៉ុប UEFA Europa League ជាលើកដំបូងតាំងពីឆ្នាំ២០០២។ Taiwo Awoniyi ដំបូងជាកីឡាកររបស់ Liverpool តាំងពីឆ្នាំ២០១៥ តែមិនដែលបង្ហាញខ្លួនឡើយ ហើយក៏បានចំណាយពេល ៦ឆ្នាំរបស់ខ្លួនជាកីឡាករខ្ចីជើង ដែលចុងក្រោយនៅ Union Berlin មុនពេលផ្លាស់ផ្លូវការនៅខែកក្កដា ឆ្នាំ២០២១។
Taiwo Awoniyi បានបង្ហាញខ្លួនដំបូងឱ្យក្រុមជំរើសជាតិនីហ្សេរីយ៉ាកាលពីខែកក្កដា និងសរុបចូលលេងបាន ៤ប្រកួតរកបានមួយគ្រាប់ពេលនីហ្សេរីយ៉ាយកឈ្នះសូដង់កាលពីខែមករា នៅពានរង្វាន់ជើងឯកអាហ្វ្រិក។ Nottingham Forest ក៏រំពឹងថានឹងនាំយកអ្នកចាំទី Manchester United, Dean Henderson ផងដែរក្នុងលក្ខខណ្ឌខ្ចីជើង ហើយក៏កំពុងចរចានាយកខ្សែការពារកណ្តាល Moussa Niakhate ពី Mainz ផងដែរ៕
អត្ថបទ៖នាង សុភាវុធ