វាយកូនបាល់៖ កីឡាករវាយកូនបាល់ប៉ូឡូញ Hubert Hurkacz បានសន្យាផ្តល់ ១០០អឺរ៉ូរាល់ការចេញសេវាបានពិន្ទុម្តងៗនៅការប្រកួត Grand Slam, Wimbledon ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែនដែលរងគ្រោះដោយសារសង្គ្រាម។

កីឡាករប៉ូឡូញវ័យ ២៥ឆ្នាំរូបនេះត្រូវបានគេស្គាល់ថា ជាកំពូលកីឡាករដែលពូកែចេញសេវា ពោលគឺឈរលេខ ៣ ក្នុងតារាងកីឡាករដែលចេញសេវាបានពិន្ទុខ្ពស់បំផុតរបស់ ATP ក្នុងឆ្នាំនេះ ដោយមានសរុបដល់ទៅ ៤៥២លើកតាមពីក្រោយកីឡាករអាមេរិកទាំងពីរ John Isner និង Reilly Opelka។
ការប្រកួតនៅលើទីលានវាលស្មៅ ៦ប្រកួតចុងក្រោយរបស់ Hurkacz គេធ្វើវាយសេវាបានពិន្ទុដល់ទៅ ៧០លើកទៅហើយ ពោលគឺការប្រកួតសប្តាហ៍មុននៅអាល្លឺម៉ង់ដែលឈ្នះជើងឯកកម្មវិធី Halle Open ក្រោយយកឈ្នះកីឡាករលេខ ១ ពិភពលោក Daniil Medvedev នៅវគ្គផ្តាច់ព្រ័ត្រ។ Hubert Hurkacz នឹងចាប់ផ្តើមប្រកួតនៅ Grand Slam, Wimbledon ឆ្នាំនេះជុំដំបូងជួបជាមួយកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina នៅថ្ងៃចន្ទនេះ៕
អត្ថបទ៖នាង សុភាវុធ