អាហ្វហ្គានីស្ថាន៖ មន្ត្រីក្រុមតាលីបង់កាលពីថ្ងៃអាទិត្យបានចុះពិនិត្យតំបន់នានាក្នុងខេត្ត Khost និង Paktika ប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីខ្លាំងកាលពីសប្តាហ៍មុន។
ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ស្រុក Spera លោក Khalil ur Rahman Haqqani មន្ត្រីក្រុមតាលីបង់ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ បានជួបជាមួយពលរដ្ឋនៅក្នុងសហគមន៍ដែលលំនៅឋានរបស់ពួកគេ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញដោយរញ្ជួយដី។ លោកបានថ្លែងអំណរគុណដល់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ និងប្រទេសនានាសម្រាប់ការគាំទ្រ ប៉ុន្តែបានអំពាវនាវសុំឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើការគាំទ្រ ដើម្បីជួយប្រជាជនក្នុងការស្តារ និងសាងសង់លំនៅឋានរបស់ពួកគេឡើងវិញ។ យោងតាមមន្ត្រីមន្ទីរសុខាភិបាលខេត្ត Khost បានឲ្យដឹងថា នៅក្នុងស្រុក Spera មនុស្ស 36នាក់បានស្លាប់ និងជាង 1,300នាក់បានរងរបួស ខណៈលំនៅឋានចំនួន 1,500ខ្នងត្រូវបានបំផ្លាញ។
ការរញ្ជួយដីនេះបានវាយប្រហារតំបន់ដាច់ស្រយាល ក្នុងតំបន់ប្រជាជនមានជីវភាពក្រីក្រខ្លាំងនៅក្រុងតូចៗ និងភូមិនៅក្បែរព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លំនៅឋានជិត 3,000ខ្នងត្រូវបានបំផ្លាញ ឬខូចខាតធ្ងន់ធ្ងរនៅក្នុងខេត្ត Paktika និងខេត្ត Khost។ សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានបានពឹងផ្អែកលើការគាំទ្រពីម្ចាស់ជំនួយអន្តរជាតិ ទោះបីមុនពេលក្រុមតាលីបង់ចូលគ្រប់គ្រងកាលពីខែសីហាឆ្នាំមុនក៏ដោយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូដកកងកម្លាំងរបស់ពួកគេ ដោយបានបញ្ចប់សង្គ្រាមរយៈពេល 20ឆ្នាំ។ រដ្ឋាភិបាលនៅទូទាំងពិភពលោកបានបញ្ឈប់ការផ្តល់ជំនួយអភិវឌ្ឍន៍ ក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ និងបានបង្កកប្រាក់បម្រុងរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ និងទាមទារឱ្យពួកគេគោរពសិទ្ធិមនុស្ស៕
អត្ថបទ៖ ប៊ុនថន