ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ គណបក្សប្រជាជនកម្ពុជា នឹងមានអាយុកាល ៧១ ឆ្នាំ។ សម្រាប់វត្តមានគណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋជាពិសេសអ្នករស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅតែចងចាំ និងចាត់ទុកថា គណបក្សមួយនេះ មានគុណបំណាច់ធំធេងរំដោះជីវិត ផ្តល់ជីវិតថ្មី និងនាំមកនូវសន្តិភាពសម្រាប់គ្រប់គ្នា។
២៨ មិថុនា ឆ្នាំ១៩៥១ - ២៨ មិថុនា ឆ្នាំ ២០២២ ជាខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា ថាបក្សប្រជាជនបដិវត្តន៍កម្ពុជា។ គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃបានក្លាយជាគណបក្សធំជាងគេ និងមានអ្នកគាំទ្រច្រើនជាងគេបំផុត ដែលតែងតែឈ្នះក្នុងការបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតសកល។
គណបក្សប្រជាជនកម្ពុជា មានប្រវត្តិសាស្រ្ត និងសមិទ្ធផលជាច្រើន ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលជាជនរស់រានមានជីវិតពីសម័យខ្មែរក្រហម។
ពួកគាត់លើកឡើងថា គុណបំណាច់ធំធេងបំផុតរបស់គណបក្សវ័យចំណាស់មួយនេះ គឺការស្រោចស្រង់ជីវិតប្រជាពលរដ្ឋឱ្យផុតពីសេចក្ដីស្លាប់ពីរបប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ គុណបំណាច់នេះ នៅតែស្ថិតក្នុងបេះដូងពួកគាត់ ទោះកន្លងទៅរាប់សិបឆ្នាំយ៉ាងណាក្ដី។
ក្រៅពីការផ្ដល់កំណើតលើកទី ២ គឺការនាំមកនូវសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍដល់សង្គមជាតិរហូតដល់ពេលសព្វថ្ងៃ។
នេះជាការមើលឃើញរបស់ពួកគាត់ ដែលធ្លាប់ឆ្លងកាត់ច្រើនសម័យកាល តាំងពីសង្គមជាតិស្ថិតក្នុងភាពខ្មៅងងឹត រហូតដល់សង្គមជាតិមួយដែលមានសន្តិភាព។
គួររម្លឹកថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍កម្ពុជា។ គណបក្សនេះ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ៕ អត្ថបទ៖ គឹមហុក