ព្រះសីហនុ៖ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងបានល្អ និងមានប្រសិទ្ធភាពនោះ វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ត្រូវបានកត់សម្គាល់ឃើញថា ចាប់ផ្ដើមមានកំណើនបណ្ដើរៗវិញហើយ ពិសេសការធ្វើដំណើរទៅកម្សាន្តនៅតាមកោះ។
លោក ម៉ុត ភារី ជំនួយការសមាគមភ្នាកងារដឹកជញ្ជូនភ្ញៀវទេសចរជលយានខេត្ដព្រះសីហនុ បាបឱ្យដឹងថា ក្រោយពី ស្ថានភាពជំងឺកូវីដ-១៩វិលមករកភាពប្រសើរវិញនោះ ខេត្ដព្រះសីហនុ ចាប់ផ្ដើមមានភ្ញៀវទេសចរ ចូលលេងលម្ហែ និងស្នាក់នៅច្រើន មានការកើនឡើងជាបន្ដបន្ទាប់ ជាពិសេសការធ្វើដំណើរទៅកម្សាន្ដនៅតាមបណ្ដាកោះរហូតដល់រាប់ពាន់នាក់។
លោក តាំង សុចិត្ដគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា មន្ទីរ នៅតែបន្ដជំរុញការផ្សព្វផ្សាយ ណែនាំដល់ប្រតិបត្ដិករទេសចរណ៍ឱ្យពង្រឹងគុណភាពវេសាកម្មទេសចរណ៍ តាមរយៈការបណ្ដុះបណ្ដាលហ្វឹកហ្វឺន ថែរក្សា អនាម័យ បរិស្ថាន និងអនុវត្ដតាមសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ស្ដីពីសុវត្ថិភាពទេសចរណ៍ ជាមួយនឹងការ បង្កើតព្រឹត្ដិការណ៍ទេសចរណ៍ ។ល។ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក បានបញ្ជាក់ថា ជាមួយនឹងធនធានសក្តានុពលធម្មជាតិ និងផែនការទីផ្សារទេសចរណ៍ ដែលបានសិក្សាលម្អិត និងច្បាស់លាស់ក្នុងការចាប់យកទីផ្សារ “ទីផ្សារទេសចរណ៍គុណភាព” តាមរយៈការអភិវឌ្ឍ “ទេសចរណ៍ធុរកិច្ច” “ទេសចរណ៍អាពាហ៍ពិពាហ៍” “ទេសចរណ៍នាវាកម្សាន្ត” “ទេសចរណ៍ធម្មជាតិ” “ទេសចរណ៍តាមឆ្នេរ និងកោះ” និង“ទេសចរណ៍ទីក្រុង” ។ល។
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានមូលដ្ឋានអាជីវកម្មសរុប៣៦៦ទីតាំង មានបុគ្គលិក បម្រើការងារផ្ទាល់សរុបជាង ៧៧០០នាក់។ នៅមុនព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណ ២លាននាក់ ក្នុង១ឆ្នាំ ក្នុង អត្រាកំណើន ១០% ទៅ ១៥% ក្នុងនោះ ទេសចរអន្តរជាតិមានប្រមាណ ២៥% ទៅ ៣០%៕អត្ថបទ៖ គង់ ប៊ុនថា