
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានមានសាសន៍ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។
អញ្ជើញថ្លែងនៅក្នុង អង្គមិទ្ទីងរំលឹកខួប៧១ នៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១-២៨មិថុនា២០២២ ដែលប្រារព្ធយ៉ាងអធិកអធម នៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងខណ្ឌចំការមនព្រឹកថ្ងៃទី២៨មិថុនានេះ សម្តេចបានថ្លែងថាគណបក្ស ប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និង នីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។
សម្តេចបានបន្តថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍ អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិន ឱ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឱ្យយើង អាចដំណើរការបើកប្រទេសឡើងវិញលើគ្រប់វិស័យបានចាប់ពីចុងឆ្នាំ ២០២១ មក។ ដោយហេតុនេះ ទើបនៅថ្ងៃនេះយើងអាចធ្វើមីខ្ទីងរំឭកខួបទី ៧១ របស់គណបក្សបានយ៉ាងឧឡារិកក្នុងបរិវេណនៃវិមាន ៧មករា នេះប្រកបដោយសុវត្ថិភាព។ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹង ថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ ដើម្បី បន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ . សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅ ចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ មុត សុទ្ធ