ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជាកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយអត្រាភាពក្រីក្ររបស់ពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ខណៈកម្ពុជាកំពុងដោះខ្លួនចេញ ពីបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ ។
នៅក្នុងមីទ្ធីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦ ២០២២) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ។
សម្ដេចតេជោ បានបន្តថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពក្នុងសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមកម្ពុជា ខណៈនៅពេលបច្ចុប្បន្នកម្ពុជាមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំឲ្យសម្រេចបាន នូវចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនឡើង ៥,៣ភាគរយ និងនៅឆ្នាំ២០២៣ កើនដល់ ៦,៥ភាគរយ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ៕ អត្ថបទ បាន សុខរិទ្ធិ
