ព្រះវិហារ ៖ កាលពីពេលថ្មីៗនេះ តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បើកការស៊ើបអង្កេត ស្វែងរកមុខសញ្ញាក្រុមឈ្មួញទុច្ចរឹត ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងចក្រ វាយកំទេចព្រៃស្រោង ជាង៧ហិកតា គ្រប់គ្រងដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានឲ្យដឹងថា បទល្មើសខាងលើនេះ ជនល្មើសអាចប្រព្រឹត្តបានគឺដោយសារតែមានការឃុបឃិតគ្នាពីសំណាក់អាជ្ញាធរស្រុកគូលែន គឺមានមេភូមិក្តាក់ មេឃុំត្បែង២ នឹងសមត្ថកិច្ចមួយចំនួនទៀតនៅក្នុងមូលដ្ឋាននោះ ដែលទទួលបានលាភសក្ការៈ ដើម្បី បើកភ្លើងខៀវ ឲ្យក្រុមជនទុច្ចរឹតខាងលើប្រព្រឹត្តបទល្មើសនេះ ។
ក្នុងប្រជុំបន្ទាន់ ទាក់ទង នឹងករណីបំផ្លាញព្រៃឈើនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានលើកឡើងថា ក្រោយពីការចុះត្រួតពិនិត្យ និងកំណត់ផែនទីទិន្នន័យជាក់ស្តែង នៅក្នុងទីតាំងដីព្រៃ ដែលក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រ វាយបំផ្លិចបំផ្លាញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានទំហំប្រមាណ៧ហិកតា ដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ពិតប្រាកដមែន ។
លោក បានបន្ដថា បុគ្គលដែលប្រព្រឹត្តទង្វើផ្ទុយនឹង មាត្រា៩៧ ច្បាប់ ស្តីពីព្រៃឈើ ។ វិធានការបន្តទៀតនេះលោកនឹង រៀបចំឯកសារ ដាក់ទៅថ្នាក់លើ និងបញ្ជូនសំណុំរឿងទៅកាន់តុលាការឆាប់ៗនេះ ដោយបច្ចុប្បន្ន មន្រ្តីជំនាញ កំណត់បាន មុខសញ្ញាជនសង្ស័យអស់ហើយ ចំពោះក្រុមឧក្រិដ្ឋជន ដែលនៅពីក្រោយខ្នង នៃបទល្មើសបំផ្លិចបំផ្លាញព្រៃឈើ នៅទីតាំងខាងលើនេះ ។
ជាមួយគ្នានោះ លោក វុធ សាវី ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចជំនាញកំណត់បានអត្តសញ្ញាណអស់ហើយ ដោយស្ថាប័នតុលាការនៅរងចាំសំណុំរឿងពីខាងជំនាញបញ្ជូនមកតែប៉ុននោះ ។ លោក ក៏បានសម្តែងនូវការសោកស្តាយ ចំពោះព្រៃឈើធំៗ ដែលជាប្រភេទព្រៃស្រោងជាច្រើនហិកតា ដែលត្រូវបានបាត់បង់ ដោយស្នាដៃក្រុមឈ្មួញទុច្ចរឹតទាំងអស់នោះ មួយប៉ព្រិចភ្នែក ដូច្នេះហើយ ក្នុងនាមតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នឹងប្តេជ្ញាបន្តនីតិវិធី ចាត់ការតាមច្បាប់ជាធរមាន ដោយមិនឲ្យឧក្រិដ្ឋកម្មបំផ្លាញព្រៃទាំងនោះរួចខ្លួនជាដាច់ខាត ។
សូមបញ្ជាក់ ថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០១កន្លងទៅនេះ មានករណីឈូសឆាយដីព្រៃដោយខុសច្បាប់ នៅភូមិសាស្រ្ត ភូមិ ក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយទទួលបានព័ត៌មាន រាយការណ៍ ពីប្រជាពលរដ្ឋ លោក វុធ សាវី នឹងលោក ចក់ សម្បត្តិ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត ព្រះវិហារ បានចុះទៅដល់ទីតាំងកើតហេតុខាងលើជាមួយជំនាញរដ្ឋបាលព្រៃឈើ នឹងមន្រ្តីរដ្ឋបាល ប៉ុស្តិ៍ គឺពិនិត្យឃើញថា ពិតជាមានករណីឈូសឆាយដីព្រៃនេះពិតប្រាកដមែន ។ ខណៈនោះលោកព្រះរាជអាជ្ញា បានឃាត់ដកហូតទូរស័ព្ទ នឹងសោ ហើយបានហៅអ្នកបើកគ្រឿងចក្រមកសួររនាំពាក់ព័ន្ធ ករណីនេះ ស្រាប់តែ មានបក្សពួក ក្រុមជនល្មើសមួយក្រុម ប្រដាប់ដោយដំបង នឹងដុំដែក បានផ្ទុះហឹង្សា តាមប្រើអំពើហឹង្សាទៅលើ លោកព្រះរាជអាជ្ញា រួមទាំងអ្នកសារព័ត៌មានយើងដែរ គឺមានផ្ទុះអាវុធមួយគ្រាប់បាញ់ឡើងលើ ពីមន្រ្តីនគរបាលប៉ុស្តិ៍ ដើម្បី ការពារលោកព្រះរាជអាជ្ញា កុំឲ្យក្រុមជនល្មើសប្រើអំពើហឹង្សាទៅលើរូបលោក នឹងក្រុមការងារ ។ មុខសញ្ញា នឹងអ្នកដែលពាក់ព័ន្ធ គឺកំណត់បានហើយ យើងរង់ចាំមើលថា វាសនា របស់ក្រុមជនឧក្រិដ្ឋ នឹងអ្នកពាក់ព័ន្ធ រួចពីសំណាញ់ច្បាប់ រឺយ៉ាងណា ៕
