ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ ដល់ ២៨ មិថុនា ឆ្នាំ២០២២) ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជានៅតែស្ថិតស្ថេរ រុងរឿងជាអមតៈសម្រាប់ប្រទេសកម្ពុជា ជានិច្ចខណៈគណបក្សដ៏ធំជាងគេនៅកម្ពុជានេះ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់បែបយ៉ាង។
ឯកឧត្តមបានថ្លែងថា«សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ ដល់ ២៨ មិថុនា ឆ្នាំ២០២២)។ តាំងពីបង្កើតគណបក្សមក រហូតមកដល់ពេលនេះ និងតទៅអនាគត គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នឹងបន្តនៅតែជាជម្រើសដ៏ល្អបំផុត និងតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ពោលប្រជាជនម្នាក់គឺផ្តល់សំឡេងដល់គណបក្សប្រជាជនម្នាក់។ នេះដោយសារតែគណបក្សប្រជាជនជារបស់ប្រជាជន និងដើម្បីតែប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជាមួយគ្នានោះឯកឧត្តម យឿន យឿត ក៏បានគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ដោយសម្តេចបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ៕


