បាល់បោះ៖ សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជាចាប់ផ្ដើមរឹងមាំជាមួយផែនការការងារ និងទិសដៅដ៏ច្បាស់លាស់ បន្ទាប់ពីសហព័ន្ធនេះបានដើរដួលអស់ជាច្រើនឆ្នាំដោយសារគ្មានម៉ាស៊ីនដឹកនាំ មុនប្រកាសឯកឧត្តម លី ធុជ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេសអាជ្ញាធរមីន ជាប្រធានសហព័ន្ធលើកដំបូងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។
លោក មុយ ស៊ឹ អគ្គលេខាធិការសហព័ន្ធបានបង្ហាញនូវមោទនភាព ដែលឯកឧត្តមទេសរដ្ឋមន្ដ្រីបានឯកភាពមកដឹកនាំសហព័ន្ធធ្វើឲ្យកីឡាករ-កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាកាន់តែមានក្ដីសង្ឃឹម ក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការប្រកួត និងដណ្ដើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្ដង។ បុរសពិការជើងដែលទទួលបានការគាំទ្រធ្វើជាអគ្គលេខាធិការសហព័ន្ធកាលពីឆ្នាំ២០១៩ ដដែលបន្ដថា ពីមុនសហព័ន្ធជួបការលំបាកដោយសារខ្វះខាតសម្ភារៈហ្វឹកហាត់ពិសេសរទេះ ។ តែពេលនេះសហព័ន្ធមានឧបករបច្ចេកទេសត្រឹមត្រូវ ហើយបូករួមជាមួយសក្ដានុពលធនធានកីឡាករ-កីឡាការិនីស្រាប់ លោកសង្ឃឹម និងមានការតាំងចិត្តខ្ពស់ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា។
សូមរំឭកថា សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជាបានកកើតតាំងពីឆ្នាំ២០១២ តែរយៈពេល ១០ឆ្នាំមកនេះ សហព័ន្ធពុំមានប្រធានសហព័ន្ធដើម្បីដឹកនាំនោះទេរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ទើបសហព័ន្ធមានការអញ្ជើញ និងការឯកភាពពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ ចូលកាន់តំណែងដ៏សំខាន់នេះដើម្បីដឹកនាំសហព័ន្ធឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើន ក្នុងនោះក៏មានការជួយឧបត្ថម្ភគាំទ្រពីមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ទៀតផង៕
អត្ថបទ លី ឈុនឡា