រុស្ស៊ី៖ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ីត្រូវបានដកស្រង់សម្ដី ខណៈនិយាយកាលពីថ្ងៃចន្ទថា រាល់ការបំពានណាមួយលើឧបទ្វីប Crimea ពីសំណាក់រដ្ឋជាសមាជិករបស់សម្ព័ន្ធយោធាណាតូ អាចឈានទៅរកការប្រកាសសង្គ្រាមលើរុស្ស៊ីដែលអាចនាំឲ្យផ្ទុះសង្គ្រាមលោកលើកទី៣។
លោក Medvedev បានប្រាប់គេហទំព័រព័ត៌មាន Argumenty i Fakty ថា សម្រាប់យើងតំបន់ Crimea គឺជាផ្នែកមួយរបស់រុស្ស៊ី។ ហើយនោះមានន័យថា ជាដែនដីរបស់យើងជារៀងរហូតតទៅ។ រាល់ការប៉ុនប៉ងណាមួយបំពានលើតំបន់នេះ គឺស្មើនឹងការប្រកាសសង្គ្រាមជាមួយប្រទេសរបស់យើង។ ហើយបើរដ្ឋជាសមាជិករបស់សម្ព័ន្ធយោធា NATO ណាមួយបានធ្វើបែបនេះ មានន័យថា ជម្លោះជាមួយសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើងទាំងមូល សង្គ្រាមលោកលើកទី៣ គឺជាមហន្តរាយដ៏ធំធេង។
លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីក៏បាននិយាយផងដែរថា បើប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិកសម្ព័ន្ធ NATO រុស្ស៊ីនឹងពង្រឹងព្រំដែនរបស់ខ្លួន ហើយនឹងត្រៀមសម្រាប់ជំហានសងសឹកនានា និងអាចរួមទាំងការដំឡើងមីស៊ីលល្បឿនលឿនជាងសំឡេង Iskander នៅជាប់របងផ្ទះរបស់ពួកគេ៕
អត្ថបទ៖ សុខមាន