អឺរ៉ុប៖ សម្ព័ន្ធយោធា NATO នឹងបង្កើនចំនួនកងកម្លាំងរបស់ខ្លួនក្នុងការត្រៀមលក្ខណៈខ្ពស់ចន្លោះពី ៤ម៉ឺនដល់ជាង ៣០ម៉ឺននាក់ ស្របពេលមានការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

ការបង្កើនកងកម្លាំងទ័ពដល់ទៅ ៧ដងត្រូវបានប្រកាសដោយអគ្គលេខាធិការសម្ព័ន្ធយោធាលោក Jens Stoltenberg មុនកិច្ចប្រជុំកំពូលក្នុងសប្ដាហ៍នេះនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ លោកថា នេះគឺជារួមចំណែកដ៏ធំបំផុតនៃការការពាររួមគ្នាចាប់តាំងពីសង្គ្រាមត្រជាក់មក។ យើងនឹងកែសម្រួលកងកម្លាំងឆ្លើយតបរបស់សម្ព័ន្ធ NATO និងបង្កើនចំនួនកងកម្លាំងត្រៀមក្នុងកម្រិតខ្ពស់របស់យើងរហូតដល់ជាង ៣០ម៉ឺននាក់។ លោក Stoltenberg ក៏បានបញ្ជាក់ផងដែរថា សម្ព័ន្ធ NATO នឹងពង្រីកការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសនានា ជាសមាជិករបស់សហភាពអឺរ៉ុបដែលនៅជិតប្រទេសរុស្ស៊ីបំផុត។ លោកថា សម្ព័ន្ធមិត្តលោកខាងលិចក៏នឹងពង្រឹងផ្នែកការពារដែនអាកាស និងបង្កើនការផ្គត់ផ្គង់យោធារបស់ខ្លួនផងដែរ៕
អត្ថបទ៖ សុខមាន